(ហ្សាការតា)៖ ចំនួនមនុស្សស្លាប់បានកើនដល់២៦នាក់ និងអ្នករបួសគឺ១៣នាក់ ក្នុងករណីរថយន្តក្រុងបើកធ្លាក់ជ្រោះនៅប្រទេសឥណ្ឌូណេស៊ី ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

រថយន្តក្រុងមួយគ្រឿងមានដឹកអ្នកដំណើររាប់សិបនាក់ បានជ្រុលចង្កូតធ្លាក់ទៅក្នុងជ្រោះយ៉ាងជ្រៅមួយ ហើយលិចចូលទឹកទន្លេកាលពី វេលាយប់រំលងអាធ្រាត្រថ្ងៃចន្ទម្សិលមិញ។ ហេតុការណ៍នេះបានកើតឡើងនៅខេត្តស៊ូម៉ាត្រខាងត្បូង។ ពីដំបូងឡើយប៉ូលិសបានអះអាង ថា ចំនួនមនុស្សស្លាប់គឺត្រឹម២៤នាក់ ប៉ុន្តែក្រុមជួយសង្រ្គោះទើបបានរុករកឃើញសាកសពជនរងគ្រោះពីរទៀត។

គួរជម្រាបថា អាជ្ញាធរឥណ្ឌូណេស៊ី ក៏កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមរុករកជនរងគ្រោះដែលអាចបាត់ខ្លួនផងដែរ។ រថយន្តក្រុងខាងលើ បានចាកចេញពីខេត្ត Bengkulu ដើម្បីឆ្ពោះទៅកាន់ក្រុង Pagar Alam នៃខេត្តស៊ូម៉ាត្រខាងត្បូង ជាមួយមនុស្សចំនួន២៧នាក់ធ្វើដំណើរលើ នោះ ប៉ុន្តែបើតាមអ្នកដំណើរមួយចំនួនដែលរួចរស់ជីវិត បានអះអាងប្រាប់ប៉ូលិសថា មានមនុស្សប្រហែល៥០នាក់ នៅពេលគ្រោះថ្នាក់បាន កើតឡើង៕