(អាមេរិក)៖ អាជ្ញាធរអាមេរិកក្នុងរដ្ឋ South Carolina បានឱ្យដឹងថាអ្នកបើកបររថយន្ដម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើករថយន្ដទៅបុក ឧទ្ធម្ភាគចក្រប្រយុទ្ធមួយគ្រឿងដែលកំពុងចតនៅលើដី ដោយបង្កការខូចខាតយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ឧទ្ធម្ភាគចក្រប្រយុទ្ធ AH-1F Cobra ដែលធ្លាប់ត្រូវបានប្រើប្រាស់ក្នុងសម័យសង្រ្គាមវៀតណាម មានតម្លៃកន្លះលានដុល្លារ កំពុងស្ថិតនៅក្រោម ការជួសជុលឡើងវិញ។ បើតាមអាជ្ញាធរក្នុងទីក្រុង Columbia នៃរដ្ឋ South Carolina រថយន្ដមួយគ្រឿងបើកបរដោយអ្នកបើកបរម្នាក់ក្នុង ស្ថានភាពស្រវឹង បានបើករថយន្ដរេចង្កូចចេញពីផ្លូវល្បឿនលឿននៃអាកាសយានដ្ឋាន Columbia Airport ហើយបានទៅបុក AH-1F Cobra ពេញមួយទំហឹង។

គួរជម្រាបថា ប៉ុន្តែ គ្រោះថ្នាក់នេះមិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ខណៈអ្នកបើកបររថយន្ដត្រូវបានចាប់ខ្លួនហើយ ក្រោយរត់គេចខ្លួនភ្លាមពីកន្លែងកើតហេតុ៕