(វ្ល៉ាឌីវ៉ូស្តូក)៖ យន្តហោះចម្បាំងស៊េរីទំនើបមួយគ្រឿង របស់កងទ័ពអាកាសរុស្ស៊ី នៃតំបន់ភូមិភាគយោធាចុងបូព៌ាប្រទេស បានធ្លាក់នៅតំបន់ខុមសូមូលក៍ (Komsomolsk) ចម្ងាយ ១២០គីឡូម៉ែត្រពីមូលដ្ឋានទ័ពអាកាស ឌីហ្សិមគី (Dzemgi)។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ប្រភពពីមូលដ្ឋានទ័ពអាកាសរុស្ស៊ី នៅចុងភាគខាងកើតប្រទេសឲ្យបានដឹងថា អាកាសយានិកនៅលើយន្តហោះចម្បាំង T-50 បានចុចឆ័ត្រយោងចេញទាន់ពេល ទើបមិនបានរងគ្រោះដល់អាយុជីវិត ហើយរូបគេក៏ត្រូវបានឧទ្ធម្ភាគចក្រយោធា Mi-8 ចេញទៅដឹកយកមកកាន់មូលដ្ឋានទ័ពអាកាស Dzemgi វិញផងដែរ។ សម្រាប់មូលហេតុនៃការធ្លាក់ គឺទំនងជាការហោះខុសបច្ចេកទេស។

គួរបញ្ជាក់ថា Sukhoi Su-57 ឬអន្តរជាតិហៅថា T-50 គឺជាយន្តហោះប្រយុទ្ធស៊េរីទំនើប បំផុតមួយរបស់រុស្ស៊ី ដែលត្រូវបានដាក់ឲ្យហោះហើរជាលើកដំបូងកាលពីឆ្នាំ២០១០ នៅក្នុងកម្មវិធីអភិវឌ្ឍមួយ ដែលបានចំណាយប្រាក់រហូតដល់ ១០ពាន់លានដុល្លារ ហើយវាត្រូវបាន ដាក់ឲ្យបញ្ជាទិញក្នុងតម្លៃ ៤៣លានដុល្លារអាមេរិកក្នុងមួយគ្រឿង។ T-50 របស់រុស្ស៊ី គឺជាគូប្រជែងរបស់ យន្តហោះចម្បាំងអាមេរិក F-22 raptor៕