(ញូយ៉ក)៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានបង្ហាញការខ្វែងគំនិតគ្នាជាមួយរដ្ឋមន្ត្រីមហាផ្ទៃលោក អាមីត ហ្សាហ៍ (Amit Shah) ដែលជាមនុស្សជំនិតម្នាក់របស់លោក ជុំវិញផែនការចុះបញ្ជីថ្នាក់ជាតិមួយ ខណៈលោកកំពុងព្យាយាមបន្សាបបាតុកម្ម លាយឡំជាមួយអំពើហិង្សាប្រឆាំងនឹងច្បាប់ស្ដីសញ្ជាតិ ដែលបានផ្ដាច់ជីវិតមនុស្ស ២១នាក់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងនៅក្នុងពិធីជួបជុំមួយនៅទីក្រុងញូដេលី កាលពីថ្ងៃអាទិត្យកន្លងទៅ លោក ម៉ូឌី បានបញ្ជាក់ថា គ្មានឡើយកិច្ចពិភាក្សាលើការបង្កើតការចុះបញ្ជីសញ្ជាតិថ្នាក់ជាតិ។ លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះថា «ចាប់តាំងពីរដ្ឋាភិបាលរបស់ខ្ញុំ ឡើងកាន់អំណាចនៅឆ្នាំ២០១៤ មកទល់នឹងពេលនេះ ខ្ញុំចង់ប្រាប់ប្រជាជនឥណ្ឌា (១.៣ពាន់លាននាក់) ថាគ្មានឡើយកិច្ចពិភាក្សា ស្ដីពីផែនការចុះបញ្ជីសញ្ជាតិថ្នាក់ជាតិ»។ ប៉ុន្តែការលើកឡើងបែបនេះ គឺផ្ទុយទាំងស្រុងទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃលោក Amit Shah ដែលបានប្រាប់សភាឥណ្ឌាថា រដ្ឋាភិបាលទីក្រុងញូដេលីនឹងរៀបចំ ក៏ដូចជាការបង្កើតការចុះបញ្ជីសញ្ជាតិថ្នាក់ជាតិ»

គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌាកំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាស្ទើរទូទាំងប្រទេស ជុំវិញការអនុម័តច្បាប់ស្ដីពីសញ្ជាតិថ្មី ដែលបានចូលជាធរមានកាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅ។ ច្បាប់នេះគឺមានគោលដៅផ្ដល់សញ្ជាតិដល់ប្រជាជន ឬជនអន្តោប្រវេសន៍មិនមែន ជាអ្នកកាន់សាសនាអ៊ីស្លាម ឬម៉ូស្លីម ដែលរត់គេចចេញពីអំពើហិង្សា ឬការធ្វើទុក្ខបុកម្នេញមកពីប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងបងក្លាដែស។ តែលើកលែងតែអ្នកម៉ូស្លីមចេញ ដែលជាហេតុធ្វើឱ្យមានបាតុកម្មប្រឆាំងផ្ទុះឡើង ដោយសារមានការព្រួយបារម្ភថា ច្បាប់អាចនឹងត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយសហគមន៍ម៉ូស្លីមនៅក្នុងប្រទេសឥណ្ឌា បើទោះជាលោក ម៉ូឌី ផ្ទាល់បានបដិសេធក៏ដោយ៕