(បរទេស)៖ រូបថតពិតដំបូងបំផុតនៃប្រហោងខ្មៅ (Black Hole) បានជាប់ជារបកគំហើញផ្នែកវិទ្យាសាស្រ្តដែលអស្ចារ្យជាងគេបំផុតប្រចាំឆ្នាំ ២០១៩នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។

ប្រហោងខ្មៅ ដែលគេហៅថា Black Hole គឺជាវត្ថុមានកម្លាំងទំនាញយ៉ាងខ្លាំងមហាសាល នៅក្នុងទីអវកាស។ ក្រៅពីប្រហោងខ្មៅធម្មតា (Stellar Mass Black Hole) វត្ថុនេះមានប្រភេទមួយទៀតហៅថា Supermassive Black Hole ដែលជាប្រហោងខ្មៅយក្សធំ មានផ្ទុកម៉ាស ស្មើនឹងម៉ាសរបស់ព្រះអាទិត្យយើងដល់ទៅរាប់លាន ឬរាប់ពាន់លានដងឯណោះ។ Black Hole ប្រភេទនេះ ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថា មានវត្តមាននៅកណ្តាលកាឡាក់ស៊ីសឹងតែទាំងអស់ទៅហើយ នៅក្នុងចក្រវាឡ។

តាមរយៈការប្រើប្រាស់ទ្រឹស្តី General Relativity របស់លោក Albert Einstein អ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ម្នាក់ឈ្មោះ Karl Schwarzschild បាន ក្លាយជាបុគ្គលដំបូងគេ ដែលបានបង្កើតឡើងនូវមូលដ្ឋានគ្រឹះផ្នែកវិទ្យសាស្រ្តដើម្បីពិពណ៌នាពីប្រហោងខ្មៅ។ ជាច្រើនទសវត្សរ៍ចាប់តាំងពីនោះមក អ្នកវិទ្យាសាស្រ្តបានប្រទះឃើញសញ្ញាជាច្រើនដែលបញ្ចេញដោយវត្ថុអាថ៌កំបាំងនេះ។ ទោះជាបែបនេះក្តី មានអ្នកវិទ្យាសាស្រ្តមួយចំនួនតូច ប៉ុណ្ណោះដែលបានស្រមៃថា ពួកគេនឹងមានឱកាសអាចមើលឃើញរូបភាពពិតរបស់ Black Hole ដ្បិតពួកវាមិនជះពន្លឺ ដែលជាហេតុធ្វើឲ្យ ពិបាកខ្លាំងក្នុងការចាប់យករូបភាព នៅក្នុងលំហអវកាសដែលងងឹតស្រាប់។ មិនតែប៉ុណ្ណោះ បើយោងតាមស្តង់ដារចក្រវាឡដ៏ធំល្វឹងល្វើយ ទំហំ របស់ប្រហោងខ្មៅគឺតូចខ្លាំងណាស់ សូម្បីតែសម្រាប់ពួក Supermassive Black Hole ក៏ដោយ។

យ៉ាងណាមិញ ប្រមាណជាពីរទសវត្សរ៍កន្លងទៅ តារាវិទូលើពិភពលោកផែនដីយើង បានចាប់ផ្តើមយុទ្ធនាការដើម្បីតាមផ្តិតយករូបភាពពិត ជាលើកដំបូងរបស់ Black Hole ហើយកាលពីខែមេសា ឆ្នាំ២០១៩នេះ ពួកគេក៏សម្រេចបានជោគជ័យ។ តាមរយៈការប្រើប្រាស់បណ្តាញ ប្រព័ន្ធតេឡេស្កូបដែលត្រូវបានតភ្ជាប់តាំងតែពីសហរដ្ឋអាមេរិក ទៅម៉ិចស៊ីកូ ឈីលី និងរហូតដល់ប៉ូលខាងត្បូង ក្រុមអ្នកវិទ្យាសាស្រ្តបាន ផ្តិតយករូបភាពនៃប្រហោងខ្មៅយក្សមួយ ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ី Messier 87។ ទោះកាឡាក់ស៊ីនេះនៅចម្ងាយពីរពាន់ដងឆ្ងាយ ជាង Supermassive Black Hole មួយទៀតឈ្មោះ Sagittarius A* ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ី Milky Way របស់យើងក៏ដោយក្តី ប្រហោងខ្មៅយក្សរបស់វា មានម៉ាសច្រើនជាង Sagittarius A* ជាង១ពាន់ដងឯណោះ ពោលគឺវាអំណោយផលក្នុងការផ្តិតយករូបភាពជាង ។

អ្នកវិទ្យាសាស្រ្តសង្ឃឹមថា នៅថ្ងៃអនាគត នឹងអាចផ្តិតយករូបភាព Black Hole បន្ថែមទៀត ហើយកាន់តែច្បាស់ជាងមុនទៅទៀត ខណៈបណ្តាញប្រព័ន្ធតេឡេស្កូបខាងលើគឺ Event Horizon Telescope កំពុងបន្តទទួលបានការបង្កើនថាមពលរបស់វា ជាបន្តបន្ទាប់៕