(វ៉ាស៊ីនតោន)៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Mitch McConnell បានធ្វើការវាយប្រហារតាមពាក្យសម្តីទៅលើក្រុម សមាជិកសភាបក្សប្រជាធិបតេយ្យ បន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតគាំទ្រឲ្យដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែង ប្រធានាធិបតី ដែលវាគឺជាការឲ្យសញ្ញាបង្ហាញថា ព្រឹទ្ធសភាអាមេរិកច្បាស់ជានឹងមិនយល់ព្រមចំពោះការទម្លាក់ លោក ត្រាំ នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។

លោក Mitch McConnell ដែលជាមន្រ្តីកំពូលនៃគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាអាមេរិក បានថ្លែងរិះគន់ធ្ងន់ៗទៅលើសមាជិកបក្ស ប្រជាធិបតេយ្យនៅសភាតំណាងរាស្រ្តអាមេរិក ដែលបានព្រួតគ្នាគាំទ្រឲ្យចាប់ផ្តើមដំណើរការទម្លាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោមបទចោទប្រកាន់ពីការរំលោភអំណាច និងការបង្កភាពរាំងស្ទះដល់កិច្ចការស៊ើបអង្កេតរបស់សភា។ លោក McConnell បានសង្កត់ ធ្ងន់ដូច្នេះថា «ការបោះឆ្នោតគាំត្រនៅសភាតំណាងរាស្រ្ត មិនបានឆ្លុះបញ្ចាំងពីការពិតឡើយ ប៉ុន្តែវាបានត្រឹមស្តែងឲ្យឃើញពីអារម្មណ៍របស់ បក្សប្រជាធិបតេយ្យមកលើលោក ត្រាំ ប៉ុណ្ណោះ។ ដូច្នេះហើយ ព្រឹទ្ធសភាអាមេរិកនឹងស្វែងរកយុត្តិធម៌សម្រាប់រឿងនេះ»។

គួរជម្រាបថា លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៣ ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវបានគេដំណើរការនីតិវិធីដកពីតំណែង ទំនងជានឹងត្រូវឡើងសវនាការនៅព្រឹទ្ធសភាអាមេរិក នៅខែមករា ឆ្នាំ២០២០។ លោក ត្រាំ ត្រូវបានសភាតំណាងរាស្រ្តចោទប្រកាន់ ដើម្បី ទម្លាក់ចេញពីអំណាចបែបនេះ បន្ទាប់ពីរូបលោកបានព្យាយាមដាក់សម្ពាធលើមេដឹកនាំបរទេស គឺប្រធានាធិបតីអ៊ុយក្រែន ឲ្យស៊ើបអង្កេត លើកូនប្រុសលោក Joe Biden និងលោក Joe Biden ផ្ទាល់ ដែលធ្លាប់ជាអតីតប្រធានាធិបតីអាមេរិក និងជាគូប្រជែងដ៏លេចធ្លោរមួយរូប មកពីបក្សប្រជាធិបតេយ្យ សម្រាប់ការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០៕