(នូវែលសេឡង់)៖ ប៉ូលិសនូវែលសេឡង់បានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្ស ២៥នាក់កំពុងស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ បន្ទាប់ពីហេតុការណ៍ផ្ទុះភ្នំភ្លើងផ្ទុះដ៏កក្រើកមួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប៉ូលិសនូវែលសេឡង់បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទុះភ្នំភ្លើងនៅកោះ White Island (កោះពណ៌ស) បានបណ្ដាលឱ្យមនុស្ស ០៦នាក់ស្លាប់ និង ៨នាក់បាត់ខ្លួន ហើយមនុស្ស ៣០នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ០៧ នៅទូទាំងប្រទេស។ ប៉ុន្តែមកទល់ពេលនេះមានអ្នករងរបួស ២៥នាក់ ឯណោះកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ»។ យ៉ាងណាក៏ដោយ អត្តសញ្ញាណរបស់ជនរងគ្រោះមិនទាន់ត្រូវបានគេបញ្ជាក់ទេ ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងប្រព្រឹត្តទៅនៅឡើយ។

គួរបញ្ជាក់ថា ភ្នំភ្លើងលើកោះ White Island បានផ្ទុះឡើងក្នុងកម្រិតបង្គួរ ដោយវាបានជះកម្អែរផេះ និងកម្ទេចកម្ទីផ្សេងៗឡើងលើផ្ទៃអាកាសកម្ពស់ ៣,៦៦០ម៉ែត្រ។ បច្ចុប្បន្នប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនកំពុងបន្ត ប៉ុន្តែហាក់ដូចជាគ្មានសង្ឃឹមថា ពួកគេទាំង ០៨នាក់អាចនៅមានជីវិតនោះឡើយ៕