(ប៉ារីស)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្កាយ (Volodymyr Zelensky) បានព្រមព្រៀងគ្នា ក្នុងការអនុវត្តយ៉ាងពេញតាមបទឈប់បាញ់ នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន នៅដំណាច់ឆ្នាំ២០១៩នេះ បន្ទាប់ពីបានជួបពិភាក្សាគ្នាជាលើកដំបូងក្នុងទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ក្រោយកិច្ចប្រជុំនៅវិមានប្រធានាធិបតីបារាំង អេលីហ្សេ (Élysée) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅប៉ារីស) លោក ពូទីន បានសម្ដែងការសាទរដោយចាត់ទុកថា កិច្ចព្រមព្រៀងនេះគឺជាការបោះជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកការបន្ធូរបន្ថយជម្លោះ ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោក ពូទីន និងលោក Zelensky ក៏បានសន្យាដែរថា នឹងដោះដូរអ្នកទោស ហើយនឹងដកកម្លាំងយោធាចេញពីតំបន់ចំនួន ០៣របស់អ៊ុយក្រែននៅចុងខែមីនា ឆ្នាំ២០២០ តែមិនបានបញ្ជាក់លម្អិតថា តំបន់ណាខ្លះនោះឡើយ។

យ៉ាងណាក៏ដោយទាំងរុស្ស៊ី និងអ៊ុយក្រែន នៅតែមានការខ្វែងគំនិតគ្នាដដែល ជុំវិញការដកទាំងស្រុងនូវកងកម្លាំងយោធាគំាទ្រដោយទីក្រុងម៉ូស្គូ ចេញពីតំបន់ជម្លោះ និងការរៀបចំការបោះឆ្នោតនៅក្នុងតំបន់ដែល គ្រប់គ្រងដោយក្រុមឧទ្ទាមទាមទារបំបែករដ្ឋ។ លោក ពូទីន បានស្នើឱ្យអ៊ុយក្រែនកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីផ្ដល់លក្ខន្តិកពិសេសដល់តំបន់ ដុនបាស់ (Donbas) ដែលកំពុងស្ថិតក្រោមកណ្ដាប់ដៃក្រុមឧទ្ទាមទាមទារបំបែករដ្ឋ មានទំនោរទៅរករុស្ស៊ី។ ប៉ុន្តែលោក Zelensky បានបញ្ជាក់ជាមុនថា អ៊ុយក្រែននឹងយកទឹកដីរបស់ខ្លួនធ្វើជាសម្បទាន ដើម្បីដោះដូរជាមួយសន្តិភាពជាដាច់ខាត។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន រវាងកងកម្លាំងយោធារដ្ឋាភិបាលទីក្រុងកៀវ និងក្រុមឧទ្ទាមបំបែករដ្ឋគំាទ្រដោយរុស្ស៊ី បានផ្ដាច់ជីវិតមនុស្ស ១៣,០០០នាក់ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ គឺនៅក្រោយពីពេលដែលរុស្ស៊ីក្តោបយកឧបទ្វីបគ្រីមៀមកគ្រប់គ្រងវិញ បន្ទាប់ពីបានប្រគល់ឲ្យអ៊ុយក្រែនជាកាដូអស់ជាច្រើនសតវត្សរ៍។ ចំណែកឯកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលពីប្រទេសបារាំង និងអាល្លឺម៉ង់៕