(បរទេស)៖ កងទ័ពអាមេរិកកំពុងតែផ្លាស់ប្តូររបៀបប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ B-1B Lancer ដើម្បីឲ្យពួកវាអាចបន្តធ្វើប្រតិបត្តិការ បានប៉ុន្មានទសវត្សរ៍ទៅមុខទៀត ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

ស្របពេលដែលយោធាអាមេរិក កំពុងព្យាយាមស្វែងរកមធ្យោបាយ ដើម្បីពន្យារអាយុធ្វើប្រតិបត្តិការរបស់យន្តហោះទម្លាក់គ្រាប់បែក B-1B ជម្រើសមួយដែលពួកគេកំពុងពិចារណា គឺបង្ខំឲ្យយន្តហោះនោះឈប់ធ្វើការហោះហើរ ក្នុងរយៈកម្ពស់ទាបហើយលឿនតទៀត។ នៅពេលក្រុមហ៊ុន Rockwell ផលិតយន្តហោះទម្លាក់គ្រាប់បែកនេះ កាលពីចុងទសវត្សរ៍១៩៧០ វាត្រូវបានរចនាឡើងដើម្បីឲ្យហោះទាប ហើយក្នុងល្បឿនលឿនថែមទៀត ប៉ុន្តែឥឡូវយន្តហោះនេះអាចនឹងត្រូវប្រើប្រាស់ ក្នុងរបៀបផ្សេងផ្ទុយពីការរចនារបស់វាវិញ។

គួរជម្រាបថា បើតាមយោធាអាមេរិក បេសកកម្មប៉ុន្មានទសវត្សរ៍មកនេះ បានដាក់សម្ពាធជាខ្លាំងទៅលើសមត្ថភាពរបស់យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ដូច្នេះហើយទើបពួកគេរិះរកវិធីសាស្រ្តដើម្បីជួយឲ្យយន្តហោះនេះ អាចបន្តធ្វើប្រតិបត្តិការដោយពុំមានបញ្ហាបានរហូតដល់ឆ្នាំ២០៣៦ តាមការគ្រោងទុក។ កងទ័ពអាកាសអាមេរិកបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក B-1B អាចនឹងត្រូវប្រើប្រាស់ សម្រាប់គោលដៅថ្មីវិញ គឺដើរតួនាទីជាយន្តហោះផ្តល់ការគាំទ្រពីលើផ្ទៃអាកាស នៅរយៈកម្ពស់ខ្ពស់ហើយហោះយឺតៗ៕