(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកបានប្រកាសថា ខ្លួននឹងប្រើប្រាស់ជាលើកដំបូង នូវនាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មី USS ចន ខិនណឺឌី (USS John F. Kennedy ឬ CVN 79) នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។

ពិធីខាងលើខាងលើនឹងត្រូវបានធ្វើឡើងនៅឯទីក្រុង ញូផតញូស (Newport News) នៃរដ្ឋ វើជីនៀ (Virginia)។ John F. Kennedy គឺជានាវាផ្ទុកយន្ដហោះចម្បាំងទី ២ នៃត្រកូលហ្គែរ៉ាល់ដ៍ហ្វដ (Gerald R. Ford) ដែលនឹងត្រូវជំនួសនាវាផ្ទុកយន្ដហោះចម្បាំង USS នីមីតស៍ (USS Nimitz ឬ CVN 68) នៅពេលដែលនាវាចម្បាំងនេះត្រូវដាក់ឱ្យចូលនិវត្តន៍។

គួរបញ្ជាក់ថា ជាមួយនឹងប្រវែង ៣៣២.៨ម៉ែត្រ និងទម្ងន់ ១០០,០០០តោន USS John F. Kennedy មានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ស៊េរីថ្មីចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងបច្ចេកវិទ្យាផលិតថាមពល, កម្លាំងរុញច្រាន និងប្រព័ន្ធជួយសម្រួលដល់ការហោះឡើង នៃយន្ដហោះចម្បាំងនានាជាដើម៕