(ប៉ារីស)៖ រដ្ឋាភិបាលបារាំងបានចាប់ផ្តើមរិះគន់ធ្ងន់ៗ ទៅលើទម្លាប់របស់សហរដ្ឋអាមេរិក ដែលតែងតែព្យាយាមដាក់សម្ពាធ លើបណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅអង្គការ NATO ឲ្យទិញគ្រឿងសព្វាវុធព្រមទាំងបរិក្ខាយោធាតែពីខ្លួននោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី ផ្ល័ររ៉ង់ ប៉ាលី (Florence Parly) បានលើកឡើងថា ធម្មនុញ្ញរបស់អង្គការ NATO មានមាត្រា ៥ ដែលតម្រូវឲ្យមានការទទួលខុសត្រូវរួម ដើម្បីការពារគ្នាទៅវិញទៅមក មិនមែនមានមាត្រា «F-35» ដែលចែងថា NATO មានកាតព្វកិច្ចរួមត្រូវតែទិញផលិតផលយោធា ពីសហរដ្ឋអាមេរិកនោះឡើយ។ F-35 គឺជាឈ្មោះយន្តហោះចម្បាំងស៊េរីថ្មីបំផុត ដែលអាចបំបាំងកាយ ហើយអាមេរិកបាននិងកំពុងប្រឹងប្រែងផ្សព្វផ្សាយ ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនចាប់អារម្មណ៍ និងទិញយកទៅប្រើ។ ប៉ុន្មានខែមុនលោកស្រី Parly ក៏ធ្លាប់បានរិះគន់អាមេរិកជុំវិញរឿងនេះដែរ។

គួរជម្រាបថា កន្លងទៅប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានហៅអង្គការ NATO ថាជាស្ថាប័នដែលខួរក្បាលលែងដំណើរ ឬ brain death។ ប្រការនេះបានធ្វើឲ្យសមាជិក NATO ដទៃទៀតដូចជា អាល្លឺម៉ង់ តួកគី ប៉ូឡូញ និងអាមេរិកជាដើម ថ្កោលទោសលោក Maron ដែលបានយល់ឃើញយ៉ាងដូច្នោះ ទៅលើស្ថានភាពបច្ចុប្បន្នរបស់អង្គការ NATO។

ជាការឆ្លើយតបនឹងការរិះគន់ពីសម្ព័ន្ធមិត្តធំៗរបស់ខ្លួន ពាក់ព័ន្ធសម្តីរបស់លោក Macron លោកស្រីរដ្ឋមន្រ្តីការពារជាតិបារាំងបានបកស្រាយថា វាគឺជាការអំពាវនាវក្នុងន័យវិជ្ជមានរបស់លោក Macron ដើម្បីឲ្យមានការជជែកដេញដោលអំពីមូលដ្ឋានគ្រឹះរបស់ NATO។ ក្រៅពីបញ្ហារឿងសព្វាវុធនេះ អង្គការ NATO ក៏កំពុងប្រឈមមុខនឹងការទាមទារឲ្យបង្កើនប្រាក់ឧបត្ថម្ភផងដែរ ដែលត្រូវបានបំផុសដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នោះគឺ ២% នៃ GDP សមាជិករៀងៗខ្លួន គួរតែយកទៅចំណាយសម្រាប់ NATO ចាប់ពីឆ្នាំ២០២៤ តទៅ៕