(ស៊ីរី)៖ ប្រព័ន្ធផ្សព្វផ្សាយ SANA បានឱ្យដឹងថា យោធាស៊ីរី បានបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍មួយគ្រឿងរបស់ តួកគី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កំឡុងពេលហោះចូលក្នុង ដែនអាកាសនៃខេត្ត al-Hasakah។ នេះបើតាមដកស្រង់ ការផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសារព័ត៌មានស៊ីរី SANA យន្ដហោះដ្រូនស៊ើបការណ៍តួកគី UAV ខាងលើត្រូវបានយោធាស៊ីរី រកឃើញនៅឯ តំបន់ Hamu។ ប៉ុន្តែ ទីក្រុងអង់ការ៉ា មិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ខណៈការបាញ់ទម្លាក់នេះកើតមាន ឡើង ខណៈកងទ័ពរដ្ឋាភិបាលស៊ីរី កំពុងប៉ះទង្គិចដោយអាវុធជាមួយកងជីវពលគំាទ្រដោយតួកគី ដែលបាននិងកំពុងពង្រីក វត្តមានរបស់ខ្លួននៅក្នុងតំបន់ ក្រោយតួកគីបើកប្រតិបត្តិការយោធាបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ កាលពីខែតុលា កន្លងទៅ។

គួរជម្រាបថា តួកគី បានសម្រេចចិត្តផ្អាកប្រតិបត្តិការយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ កាលពីថ្ងៃទី២២ ខែតុលា ប៉ុន្តែ បានអះអាងថានឹងបើកការវាយលុកឡើងវិញ ក្នុងករណីចាំបាច់៕