(កាប៊ុល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចដោយមិនបានជូនដំណឹងជាមុនទៅកាន់ ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីសួរសុខទុក្ខកងទ័ពអាមេរិក នាឱកាសពិធីបណ្យ Thanksgiving នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងកំឡុងបំពេញទស្សនកិច្ចនៅឯមូលដ្ឋានទ័ពអាកាស Bagram លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក និងក្រុមសកម្មប្រយុទ្ធតាលីបង់ បាននិងកំពុងចូលរួមក្នុងកិច្ចចរចា បន្ទាប់ពីមានការដោះដូរអ្នកទោស ទៅវិញទៅមកក្នុងគោលដៅបើកកិច្ចចរចាសន្តិភាពឡើងវិញ។ លោក ត្រាំ បន្ថែមដូច្នេះថា៖ «ក្រុមសកម្មប្រយុទ្ធតាលីបង់ ចង់បានកិច្ចព្រមព្រៀងមួយ ហើយសហរដ្ឋអាមេរិកនៅតែមានបំណងកាត់បន្ថយចំនួនកងទ័ព ជាមួយក្ដីរំពឹងថា អាចនឹងសម្រេចបានបទឈប់បាញ់មួយ»

គួរជម្រាបថា បច្ចុប្បន្ន កងទ័ពអាមេរិក ១៣,០០០នាក់ កំពុងឈរជើងក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេលជាង ១៨ឆ្នាំមកហើយ ក្រោយសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ បន្ទាប់ពីការវាយប្រហារ មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕