(ប៉េកាំង)៖ រដ្ឋាភិបាលចិននាថ្ងៃព្រហស្បតិ៍នេះ បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង លោក Terry Branstad ដើម្បីសម្តែងការជំទាស់ ហើយទាមទារឲ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាព ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនជាបន្ទាន់ ព្រោះទង្វើនេះកំពុងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរងការប៉ះពាល់ជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន អនុរដ្ឋមន្រ្តីការបរទេសចិន លោក Le Yucheng បានកោះហៅលោក Branstad បែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដែលត្រូវបានអនុម័តដោយ សភាអាមេរិក ក្រោមគោលដៅគាំទ្រក្រុមបាតុករហិង្សានៅទីក្រុងហុងកុង បើទោះបីជារដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខជំទាស់ជាដដែលៗយ៉ាងណាក៏ដោយ។ មុននេះ ក្រសួងការបរទេសចិនក៏បានព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឹងម៉ាត់ផងដែរ បើសិនសហរដ្ឋអាមេរិកនៅតែបន្តលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង។

គួរជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុង ត្រូវបានអនុម័តដោយព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាមេរិក ហើយតាមរយៈការចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ វានឹងក្លាយទៅជាច្បាប់ដែល តម្រូវឱ្យក្រសួងការបរទេសអាមេរិក ធ្វើការត្រួតពិនិត្យ ឬបញ្ជាក់ក្នុងមួយឆ្នាំម្ដងថា តើទីក្រុងហុងកុងមានស្វ័យភាពពេញលេញ ដើម្បីទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេស ពីសហរដ្ឋអាមេរិកដែរឬទេ។

ច្បាប់នេះក៏ព្រមានដាក់ទណ្ឌកម្មផងដែរ សម្រាប់ការរំលោភសិទ្ធិមនុស្ស ហើយលើសពីនេះទៅទៀត លោក ត្រាំ ថែមទាំងបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ទី ២ ទៀតផងដោយមានគោលដៅ «ហាមឃាត់ការលក់អាវុធមួយចំនួនឱ្យប៉ូលិសហុងកុង» ក្នុងនោះមានដូចជា គ្រាប់កាំភ្លើងជ័រ ម្សៅម្រេច ឧស្ម័នបង្ហូរទឹកភ្នែក និងសម្ភារៈមួយចំនួនដែលអាចយកទៅប្រើប្រាស់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមបាតុករជាដើម៕