(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយបង្ហោះរូបភាពបង្ហាញសាច់ដុំបែបកាត់ត នៅក្នុងកម្មវិធី Photoshop បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន ពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានបង្ហោះរូបភាពកាត់តខាងលើនៅក្នុងគណនី Twitter របស់លោកនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ហើយហេតុផលនៅពីក្រោយការបង្ហោះនេះ មិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈវាកើតឡើងក្រោយប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរគ្មានការគ្រោងទុកទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាល នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ម្យ៉ាងវិញទៀត លោក ត្រំា ផ្ទាល់ក៏មិនបានសរសេររៀបរាប់អ្វី នៅលើរូបភាពនេះដែរ តែអ្វីដែលគេដឹងកាលពីប៉ុន្មានថ្ងៃមុននេះ លោកបានព្យាយាមបង្ហោះសារមួយចំនួន ដើម្បីបញ្ចប់ការជជែកគ្នាពីបញ្ហាសុខភាពរបស់លោក។

គួរបញ្ជាក់ថា រូបថតកាត់តដែលត្រូវបានបង្ហោះលើ Twitter របស់លោក ដូណាល់ ត្រាំ គឺជារូបថតដើមនៃតួអង្គសម្ដែងឈ្មោះ រ៉ក់គី បាលបាវ (Rocky Balboa) នៅក្នុងខ្សែភាពយន្ដប្រដាល់សកល ''Rocky III" ឆ្នាំ១៩៨២ របស់តារាសម្ដែងលោក ស៊ីលវែស្ទឺរ ស្តលឡូន (Sylvester Stallone)។ ទោះបីជាលោកមិនបានសរសេរអ្វីក្តី ក៏រូបភាពបែបនេះគឺបង្ហាញអំពីភាពរឹងមាំនៃរាងកាយរបស់មនុស្ស ដែលអាចនិយាយបានថា ជាសាររូបភាពបង្ហាញពីសុខភាពដ៏រឹងមាំរបស់លោក៕