(បាកដាដ)៖ ចំពោះមុខបាតុកម្មដែលកំពុងបន្តធ្វើឡើងនៅប្រទេសអ៊ីរ៉ាក់ បាតុករមួយក្រុមបាននាំគ្នាដុតបំផ្លាញស្ថានកុងស៊ុលអ៊ីរ៉ង់ ដែលស្ថិតនៅក្នុងទីក្រុង ណាហ្សាហ្វ (Najaf) ភាគខាងត្បូងអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសេចក្តីរាយការណ៍ព័ត៌មាន ជាសំណាងល្អដែលបុគ្គលិកនៃស្ថានកុលស៊ុលអ៊ីរ៉ង់នោះ បានរត់ចេញពីអគារបេសកកម្មការទូតទាន់ មុនពេលក្រុមបាតុករសម្រុកចូលទៅដល់ ហើយធ្វើសកម្មភាពដុតបំផ្លាញ។ ស្របពេលដែលភ្លើងកំពុងឆាបឆេះអគារស្ថានកុលស៊ុលរបស់អ៊ីរ៉ង់ ក្រុមអ្នកតវ៉ាទាំងអស់បានស្រែកចេញ នូវពាក្យមួយឃ្លាជាច្រើនដងថា «អ៊ីរ៉ង់ចេញពីអ៊ីរ៉ាក់ទៅៗ»។ នេះគឺជាករណីវាយប្រហារលើកទីពីរហើយ ទៅលើស្ថានកុងស៊ុលអ៊ីរ៉ងនៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈកាលពី ០៣សប្តាហ៍មុនគឺស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុង ខាបាឡា (Karbala) បានរងការវាយប្រហារ។

គួរជម្រាបថា ប្រជាជនអ៊ីរ៉ាក់បានចេញធ្វើបាតុកម្មក្នុងទ្រង់ទ្រាយធំ ដើម្បីទាមទារឲ្យរដ្ឋាភិបាលពួកគេ លុបបំបាត់អំពើពុករលួយ បង្កើតការងារបន្ថែម និងផ្តល់សេវាសាធារណៈដែលល្អប្រសើរជាងមុន។ ក្រុមបាតុករបានចោទអ៊ីរ៉ង់ អំពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ាក់ ហើយលួចជួយជ្រោមជ្រែងរដ្ឋាភិបាលអ៊ីរ៉ាក់ពីក្រោយខ្នង។

ចាប់តាំងពីនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) បានឡើងកាន់អំណាចកាលពីជាង ១ឆ្នាំមុន ជាមួយការសន្យាធ្វើកំណែទម្រង់ស៊ីជម្រៅ ដែលមកទល់បច្ចុប្បន្នមិនទាន់អាចសម្រេចបាននោះ ប្រជាជនអ៊ីរ៉ាក់ដែលខឹងសម្បារចំពោះការខ្វះសមត្ថភាពរបស់លោក ក្នុងការដោះស្រាយវិបត្តិគ្មានការងារធ្វើដែលមានអត្រាខ្ពស់ រួមជាមួយអំពើពុករលួយ និងបញ្ហាសេវាសាធារណៈ បានសម្រេចនាំគ្នាធ្វើបាតុកម្មជាលើកដំបូងនៅទីក្រុងបាកដាដ គិតចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។

ចលនាបាតុកម្មក៏បានរីកដាលដល់តំបន់ផ្សេងៗទៀត ជាពិសេសនៅភាគខាងត្បូងប្រទេស ហើយការប៉ះទង្គិចគ្នាក៏បានកើតឡើង។ ក្រោយបាតុកម្មជុំដំបូង ដែលបានប្រព្រឹត្តទៅរយៈពេលប្រមាណ ១សប្តាហ៍ ហើយកំឡុងពេលនោះមនុស្សចំនួន ១៤៩នាក់បានស្លាប់ លោក Mahdi បានសន្យាជាថ្មីម្តងទៀតថា នឹងរុះរើគណៈរដ្ឋមន្រ្តី កាត់ប្រាក់ខែមន្រ្តីជាន់ខ្ពស់ ហើយបានប្រកាសពីផែនការដើម្បីកាត់ បន្ថយអត្រាយុវជនគ្មានការងារធ្វើថែមទៀត។ ប៉ុន្តែក្រុមបាតុករនៅតែមិនសុខចិត្ត ហើយបន្តធ្វើបាតុកម្មតទៀតកាលពីចុងខែតុលា រហូតមកទល់ពេលឥឡូវ។ កំឡុងពេលជិត ២ខែនៃការបះទង្គិចគ្នា មនុស្សយ៉ាងតិច ៣៤៤នាក់បានបាត់បង់ជីវិត៕