(ប៉េកាំង)៖ តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបនៅប្រទេសចិន ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិបានរកឃើញ ប្រហោងខ្មៅ (Black Hole) ដ៏ធំមួយនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងដែលត្រូវបានគេអះអាងថា មិនសមនឹងមានវត្តមាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ដោយប្រើប្រព័ន្ធតេឡេស្កូប LAMOST របស់ចិន ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិខាងលើ បានរកឃើញវត្តមានប្រហោងខ្មៅឈ្មោះ LB-1 ដែលស្ថិតនៅចម្ងាយ ១៥,០០០ឆ្នាំពន្លឺពីផែនដី ហើយមានម៉ាស ៧០ដងច្រើនជាងព្រះអាទិត្យ។ ជាទូទៅអ្នកវិទ្យាសាស្រ្តជឿថា ប្រហោងខ្មៅមាន ០២ប្រភេទ ខណៈប្រហោងខ្មៅដែលសម្បូរជាងគេគឺប្រភេទ Stellar Mass Black Hole ដែលមានម៉ាសច្រើនជាងព្រះអាទិត្យរហូតដល់ត្រឹម ២០ដង។ ប្រហោងខ្មៅប្រភេទនេះបានចាប់កំណើតឡើង នៅពេលពពួកផ្កាយធំៗអស់អាយុជីវិត (ផ្ទុះ ឬ Super Nova)។

ដោយឡែកប្រហោងខ្មៅមួយប្រភេទទៀត គឺពពួកប្រហោងខ្មៅយក្ស Supermassive Black Hole ដែលយ៉ាងហោចណាស់ក៏មានម៉ាសធំជាងព្រះអាទិត្យ ១លានដងឡើងទៅដែរ ហើយប្រភពនៃការចាប់កំណើតរបស់ពួកវា មិនទាន់ត្រូវបានគេដឹងច្បាស់ឡើយ។ ប្រហោងខ្មៅប្រភេទនេះពួនសំងំនៅកណ្តាលកាឡាក់ស៊ីនានា ដែលមានចំនួនរហូតដល់រាប់ពាន់លាន នៅក្នុងចក្រវាឡទាំងមូល។ សម្រាប់កាឡាក់ស៊ី Milky Way របស់យើងក៏មាន Supermassive Black Hole មួយផងដែរឈ្មោះថា Sagittarius A*។

គួរជម្រាបថា បើតាមអ្នកវិទ្យាសាស្រ្ត ប្រហោងខ្មៅមានម៉ាសដូច LB-1 ដែលទើបរកឃើញនេះ គឺមិនគួរមានវត្តមានទៅរួចឡើយ នៅក្នុងកាឡាក់ស៊ី Milky Way។ រីឯរូបភាពមកពីប្រព័ន្ធតេឡេស្កូបដ៏ខ្លាំងៗពីរទៀត ដែលនៅអេស៉្បាញ និងសហរដ្ឋអាមេរិក ក៏ទទួលស្គាល់ពីទំហំដ៏អស្ចារ្យរបស់ប្រហោងខ្មៅ LB-1 នេះដែរ។ ការរកឃើញថ្មីនេះ អាចនឹងធ្វើឲ្យការសិក្សា និងវិភាគពីប្រហោងខ្មៅកន្លងមក កាន់តែស្មុគស្មាញថែមទៀត ជាពិសេសអំពីរបៀបនៃការចាប់កំណើតរបស់វា៕