(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO នាថ្ងៃពុធនេះ បានបាញ់បង្ហោះផ្កាយរណបសរុបចំនួន១៤គ្រឿងឡើងទៅកាន់ លំហអវកាស ដោយជោគជ័យ។

 

២៖ យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន លើកប៉ាល់ដឹកទំនិញកូរ៉េខាងជើងមួយគ្រឿងដែលមានបញ្ហាម៉ាស៊ីន ហើយរំលោភចូលព្រំដែនសមុទ្ររបស់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ។

 

៣៖ កងកម្លាំងទ័ពអាកាសឥណ្ឌា (IAF) បានបំពាក់ឧបករណ៍តាមដានពិសេសមួយ នៅគ្រប់យន្តហោះ និងឧទ្ធម្ភាគចក្ររបស់ខ្លួនទាំងអស់ ដើម្បីឲ្យក្រុមសង្គ្រោះងាយស្វែងរក នៅក្នុងករណីដែលយន្តហោះទាំងនោះបាត់ដំណឹង។

 

៤៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) បានបញ្ជាក់ថា ប្រទេសតួកគីមិនដែលបានសន្យា ទៅកាន់ប្រទេសណាមួយឡើយថា នឹងមិនដំឡើងប្រព័ន្ធការពារមីស៊ីល ឬក៏មិនប្រើប្រាស់ S-400 ដែលខ្លួនបានទិញពីរុស្ស៊ីនោះ។

 

៥៖ វិទ្យាស្ថាន Lowy Institute របស់ប្រទេសអូស្ត្រាលី បានឱ្យដឹងថា ចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ជាលើកដំបូង ដោយឡើងទៅឈរលេខរៀងទី១ ក្នុងនាមជាប្រទេសមានបេសកកម្មការទូតច្រើនជាងគេ និងជាមហាអំណាចការទូតធំជាងគេ បំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៩។

 

៦៖ មន្រ្តីរដ្ឋាភិបាលចិនសរុប ១៩នាក់កំពុងប្រឈមមុខការដាក់ទោស សម្រាប់ការបិទបាំងករណីឃាតកម្មមួយ ដែលកើតឡើងកាលពី ១៦ឆ្នាំមុន បន្ទាប់ពីសាកសពជនរងគ្រោះម្នាក់ ត្រូវបានរកឃើញកប់នៅក្រោម ទីលានលេងកីឡារបស់សាលារៀនមួយកន្លែង៕