(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន លើកប៉ាល់ដឹកទំនិញកូរ៉េខាងជើងមួយគ្រឿងដែលមានបញ្ហាម៉ាស៊ីន ហើយរំលោភចូលព្រំដែនសមុទ្ររបស់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កប៉ាល់ដឹកទំនិញខាងលើត្រូវបានគេប្រទះឃើញ ឆ្លងចូលខ្សែបន្ទាត់ព្រំដែនសមុទ្រអន្តរកូរ៉េ កាលពីវេលាម៉ោង ០៦៖៤០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅសេអ៊ូល) ក្បែរកោះមួយរបស់កូរ៉េខាងត្បូង នៅភាគខាងលិចប្រទេស។ ពេលនោះ យោធាកូរ៉េខាងត្បូងក៏បានប្រកាសសំឡេងព្រមាន និងបាញ់ព្រមានទៅលើផ្ទៃទឹកក្បែរទូក ដើម្បីឲ្យបង្ខំឲ្យទូកនោះចាកចេញទៅវិញ។ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ឲ្យថា កប៉ាល់នោះបានអណ្តែតមកដល់ព្រំដែនបែបនេះ គឺដោយសារបញ្ហាធាតុអាកាស និងគ្រឿងម៉ាស៊ីន ហើយខណៈនេះវាកំពុងតែត្រឡប់ទៅភាគខាងជើងវិញដោយខ្លួនឯង។

គួរជម្រាបថា នេះគឺជាលើកទីពីរហើយ ដែលកូរ៉េខាងត្បូងបានបាញ់ព្រមានលើទូករបស់កូរ៉េខាងជើង គិតចាប់តាំងតែពីប្រធានាធិបតី លោក មូន ចេអ៊ីន បានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ២០១៧។ កាលពីខែកញ្ញា ឆ្នាំ២០១៩នេះ កូរ៉េខាងត្បូងបានបាញ់ព្រមានលើទូកមួយគ្រឿងរបស់កូរ៉េខាងត្បូង ដែលបានរសាត់ឆ្លងចូលមកព្រំដែនទឹករបស់កូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងក៏បានបញ្ជូនអ្នកជំនាញទ័ពជើងទឹក របស់ខ្លួនឲ្យទៅជួយជួសជុលម៉ាស៊ីនទូកនោះផងដែរ។
បច្ចុប្បន្នភាពតានតឹងរវាងកូរ៉េទាំងពីរហាក់មានភាពធូរស្រាលគួរសម ចាប់តាំងតែពីលោក មូន បានប្តេជ្ញាផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង ជាពិសេសគឺចាប់ពីកិច្ចប្រជុំកំពូល ៣ លើករវាងលោក និងលោក គីម ជុងអ៊ុន៕