(ញូដេលី)៖ កងកម្លាំងទ័ពអាកាសឥណ្ឌា (IAF) បានបំពាក់ឧបករណ៍តាមដានពិសេសមួយ នៅគ្រប់យន្តហោះ និងឧទ្ធម្ភាគចក្ររបស់ខ្លួនទាំងអស់ ដើម្បីឲ្យក្រុមសង្គ្រោះងាយស្វែងរក នៅក្នុងករណីដែលយន្តហោះទាំងនោះបាត់ដំណឹង។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ចំណាត់ការរបស់ទ័ពអាកាសឥណ្ឌានេះ បានកើតមានឡើងក្រោយពីយន្តហោះប្រភេទ AN-32 បានបាត់ដំណឹងនៅលើសមុទ្របឹងហ្គាល់ (Bay of Bengal) កាលពីឆ្នាំ២០១៦ ជាមួយមនុស្សជិះនៅលើនោះ ២៩នាក់។ ជុំវិញបញ្ហានេះរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក ស្រ៊ីផេដ ណេក (Shripad Naik) បានអះអាងថា IAF មិនបានរកឃើញសញ្ញាណាមួយពី យន្តហោះ AN-32 ដែលបានបាត់ដំណឹងនោះឡើយ បើទោះបីជាខ្លួនបានប្រើប្រាស់ឧបករណ៍ផ្សេងៗ ទម្លាក់ចូលក្នុងសមុទ្រដើម្បីតាមស្វែងរកក៏ដោយ។

កន្លងមកនេះកងទ័ពអាកាសឥណ្ឌា ក៏បានសហការជាមួយអង្គការអវកាសជាតិ ISRO ផងដែរ នៅក្នុងប្រតិបត្តិការស្វែងរកយន្តហោះ AN-32 នៅក្នុងដែនសមុទ្របឹងហ្គាល់ ប៉ុន្តែពុំទទួលបានលទ្ធផលអ្វីឡើយ ព្រោះថាតំបន់នោះធំធេងពេក ហើយទីតាំងសង្ស័យថាយន្តហោះធ្លាក់ ក៏មិនត្រូវបានកំណត់ជាក់លាក់ទៀត។ សម្រាប់ឧបករណ៍ដែលត្រូវបានបំពាក់ នៅជាប់ខ្លួនយន្តហោះគ្រប់គ្រឿងនេះមានឈ្មោះថា Underwater Locating Beacon (ULB) មានសមត្ថភាពផ្តល់សញ្ញាក្នុងរយៈចម្ងាយឆ្ងាយ ទៅដល់ឧបករណ៍សម្រាប់ចាប់សញ្ញារបស់វា ទាំងនៅលើគោក និងក្នុងទឹក។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ យន្តហោះនៅទូទាំងពិភពលោកប្រមាណ ០៩គ្រឿង បានបាត់ដំណឹងទៅដោយមិនអាចរកឃើញតែម្តង។ អ្វីដែលជាបញ្ហានោះ គឺភាគច្រើនយន្តហោះបានធ្លាក់ចូលសមុទ្រដ៏ធំធេង ឬជាតំបន់ដែលមានភូមិសាស្ត្រដ៏លំបាកគ្មានកោះត្រើយ ជាហេតុធ្វើឲ្យប្រតិបត្តិការសង្គ្រោះ និងស្វែងរកមាភាពលំបាកបំផុត បើទោះបីជាយន្តហោះទាំងនោះមានប្រអប់ខ្មៅក៏ដោយ តួយ៉ាងដូចជាករណីបាត់ដំណឹងនៃយន្តហោះ MH370 កាលពីឆ្នាំ២០១៤ នោះឯង៕