(អាល់បានី)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារលើរដ្ឋធានី Tirana និងទីក្រុង Durres នៃប្រទេសអាល់បានី នៅព្រឹកថ្ងៃអង្គារនេះ ដោយបានផ្ដាច់ជីវិតមនុស្សម្នាក់ និងបង្កឱ្យអគារពីរខ្នងបាក់រលំ ខណៈមនុស្ស១៤០នាក់ រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) គ្រោះរញ្ជួយដីខាងលើមានកម្រិត ៦.៤រ៉ិចទ័រ និងមាន ជម្រៅទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំងមានចំណុចរញ្ជួយស្ថិតនៅចំងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី Tirana។ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តការងាររបស់ពួកគេ នៅឡើយ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើ បានកើតឡើងជាលើកទី២នៅក្នុងប្រទេសអាល់បានី នារយៈពេល ២ខែមកនេះ ដោយកាលពីថ្ងៃទី២១ ខែកញ្ញា គ្រោះរញ្ជួយដី៥.៦រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារលើប្រទេសក្នុងតំបន់ បាល់កង់នេះផងដែរ ជាមួយការបំផ្លាញ និងធ្វើឱ្យខូចខាតផ្ទះជាង៥០០ខ្នង៕