(ឡុងដ៍)៖ សភាអង់គ្លេសនឹងត្រូវកោះប្រជុំគ្នាឡើងវិញ នៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ បន្ទាប់ពីការបោះឆ្នោតសកល ហើយ បើសិនជាលោក Boris Johnson នៅតែអាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី នោះពិធីថ្លែងសុន្ទរកថារបស់ព្រះ មហាក្សត្រី Elizabeth II នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទនេះ ការិយាល័យរដ្ឋាភិបាល លោក Johnson ក៏បានបញ្ជាក់ដែរថា បើសិនជារដ្ឋាភិបាលត្រូវផ្លាស់ប្ដូរមេដឹកនាំ ក្រោយការបោះឆ្នោតសកលនៅថ្ងៃទី១២ ខែធ្នូ នោះគម្រោងខាងលើ អាចនឹងត្រូវប្ដូរ។ អង់គ្លេស កំពុងរៀបចំការបោះឆ្នោតមុនអាណត្តិ ដែលនឹងត្រូវធ្វើឡើងមុនកាលកំណត់បីឆ្នាំ ដោយសារតែ សភាអង់គ្លេសមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit។

គួរបញ្ជាក់ថា លោក Boris Johnson ធ្លាប់បានសន្យាថានៅមុនបុណ្យណូអែល លោកនឹងបង្ហាញសភានូវច្បាប់ដ៏ចំាបាច់ មួយ ពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀង Brexit ដែលលោកបានព្រមព្រៀងជាមួយសហភាពអឺរ៉ុប៕