(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្មេងប្រុសពីរត្រូវបានគេបាញ់រហូតបណ្តាលឲ្យបាត់បង់ជីវិត នៅសាលារៀនមួយកន្លែងក្នុងទីក្រុង Union City នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា នាចុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅ​រសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមការបញ្ជាក់ពីប៉ូលិសប្រចាំទីក្រុង Union City ក្នុងចំណោមក្មេងប្រុសទាំងពីរនាក់ មានម្នាក់អាយុ១៤ឆ្នាំ ឯម្នាក់ទៀតត្រឹម​១១ឆ្នាំ ហើយហេតុការណ៍បាញ់ប្រហារនោះ បានកើតឡើងនៅពេលពួកគេកំពុងអង្គុយក្នុងកន្លែងចតយានជំនិះ របស់សាលារៀន​ឈ្មោះ Searles។ ខណៈក្មេងប្រុសជាជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្មេងប្រុសម្នាក់ទៀតបានស្លាប់នៅពេលបញ្ជូន​ទៅសង្រ្គោះនៅមន្ទីរពេទ្យ។

គួរជម្រាបថា ការស៊ើបអង្កេតជុំវិញករណីនេះត្រូវបានធ្វើឡើង ខណៈពុំមានជនសង្ស័យណាមួយត្រូវបានឃាត់ខ្លួនឡើយ។ ដោយឡែក វាគឺជាករណីបាញ់ប្រហារលើកទីពីរហើយនៅទីក្រុង Union City ក្នុងសប្តាហ៍នេះ។ ក្នុងករណីកន្លងមក បុរសពីរនាក់ត្រូវបានគេបាញ់ឲ្យរងរបួសនៅតាមដងផ្លូវ កាលពីថ្ងៃពុធ៕