(បរទេស)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ហ្វីលីពីន (Philippines Airlines) បានជួបបញ្ហាម៉ាស៊ីន កំឡុងពេលហោះហើរឆ្ពោះទៅកាន់ទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ក្រោយហោះពីទើបចេញពីទីក្រុងឡូសអាន់ជែឡេស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ារបស់សហរដ្ឋអាមេរិក បានតែបន្តិចប៉ុណ្ណោះ ហើយក៏បានបកក្បាលត្រឡប់ទៅចុះនៅកន្លែងដើមវិញយ៉ាងបន្ទាន់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យអាកាសចរណ៍ Philippines Airlines បានឲ្យដឹងថា អ្នកដំណើរទាំង ៣៤៧នាក់ រួមជាមួយសហសេវិកយន្តហោះទាំង ១៨នាក់ នៃជើងហោះហើរខាងលើ មិនបានទទួលរងគ្រោះថ្នាក់អ្វីឡើយ ដោយយន្តហោះ Boeing 777 របស់ពួកគេ បានចុះមកដល់អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង Los Angeles ប្រកបដោយសុវត្ថិភាព។ ហេតុការណ៍នោះបានកើតឡើងនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក)។

គួរជម្រាបថា បើតាមឃ្លីបវីដេអូរបស់អ្នកដែលថតបាននៅលើដីខាងក្រោម និងរបស់អ្នកដំណើរលើយន្តហោះផ្ទាល់ ម៉ាស៊ីននៅស្លាបរបស់ យន្តហោះនោះបានឆេះហុយផ្សែងចេញមក ដោយមើលទៅពិតជាគួរឲ្យភ័យតក់ស្លុតខ្លាំងណាស់។ ក្រោយពីបានឃើញបញ្ហាបែបនេះ អាកាសយានិក យន្តហោះក៏បានសម្រេចប្រកាសស្នើសុំការធ្វើការចុះចតជាបន្ទាន់ នៅឯព្រលានយន្តហោះ Los Angeles ហើយទីបំផុតក៏បានចុះមកដល់ដីវិញដោយសុវត្ថិភាព ក្រោមការរង់ចាំរួចជាស្រេចនៃក្រុមអ្នកសង្រ្គោះ និងពន្លត់អគ្គីភ័យ។ មូលហេតុដែលបណ្តាលឲ្យម៉ាស៊ីនយន្តហោះឆេះបែបនេះ មិនទាន់ត្រូវបានកំណត់ច្បាស់ឡើយ៕