(វ៉ាស៊ីនតោន)៖ កាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានចេញសេចក្តីអំពាវនាវមួយ ឲ្យសហរដ្ឋអាមេរិកឈប់ដុតកម្តៅនៅសមុទ្រចិនខាងត្បូងតទៅទៀត ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង គឺនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) មន្ត្រីយោធាអាមេរិកបានប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuters ថា នាវាចម្បាំងបន្ថែមទៀតត្រូវបានបញ្ជូន ឲ្យទៅកាន់សមុទ្រចិនខាងត្បូងកាលពីពីរថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

បច្ចុប្បន្ននេះស្ថានការណ៍រវាងសហរដ្ឋអាមេរិក និងមហាយក្សចិន គឺកំពុងតានតឹងស្ទើរតែគ្រប់វិស័យទៅហើយ ជាពិសេសនោះគឺសង្គ្រាមពាណិជ្ជកម្ម ដែលបាននិងកំពុងអូសបន្លាយជាងមួយឆ្នាំមកហើយ និងមានពន្លឺរកឃើញច្រកចេញ ប៉ុន្តែប្រទេសយក្សសេដ្ឋកិច្ចទាំងពីរនេះ ដើរមិនទាន់ដល់ច្រកនោះឡើយ។ ដោយឡែកសមុទ្រចិនខាងត្បូង គឺជាបញ្ហារាប់ទសវត្សរ៍មួយផ្សេងទៀត ដែលចិន និងអាមេរិកនៅបន្តភាពតានតឹងនៅឡើយ ខណៈសហរដ្ឋអាមេរិកកំពុងបង្ហាញសញ្ញាគាំទ្រយ៉ាងច្បាស់លាស់ ចំពោះបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងមានជម្លោះផ្ទាល់ជាមួយចិន ជាពិសេសគឺវៀតណាម។

បន្ថែមពីលើបញ្ហាធំៗទាំងពីរខាងលើនេះ បាតុកម្មនៅហុងកុង និងចេតនាចិញ្ចឹមចិត្តផ្តាច់ខ្លួន របស់កោះតៃវ៉ាន់ ក៏ជារឿងដែលសហរដ្ឋអាមេរិកកំពុងធ្វើការលូកលាន់យ៉ាងបើកចំហ តាមរយៈការអនុម័តសេចក្តីព្រាងច្បាប់ដោយព្រឹទ្ធសភាអាមេរិក លើបញ្ហាសិទ្ធិសេរីភាពនៅហុងកុង និងការលក់អាវុធដោយប្រយោលឲ្យកោះតៃវ៉ាន់ ដែលចិនចាត់ទុកត្រឹមជាខេត្តមួយរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិនោះ។ ដូច្នេះទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ហាក់ដូចជាកំពុងវិវឌ្ឍកាន់តែលំបាកលំបិនហើយ។

គួរបញ្ជាក់ថា ការបញ្ជូននាវាចម្បាំងពីរគ្រឿង គឺមួយជានាវាប្រយុទ្ធឈ្មោះ ហ្គាប្រ៊ីអែល ហ្គីហ្វហ្វដស៍ (Gabrielle Giffords) និងមួយគ្រឿងទៀតជាលំដាប់នាវាពិឃាតឈ្មោះ វ៉ាយនី ម៉េយើ (Wayne E Meyer) គឺត្រូវបានទីបញ្ជាការកងទ័ពជើងទឹកអាមេរិក បញ្ជាឲ្យទៅល្បាតនៅក្បែរៗតំបន់ថ្មប៉ប្រះទឹក មីសឈីហ្វ (Mischief) និងប្រជុំកោះ ផារ៉ាសែល (Paracel) នៅក្នុងដែនសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ប្រទេសចិនមិនទាន់បញ្ចេញប្រតិកម្មអ្វីបន្ថែមទៀតឡើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីសកម្មភាពនាវាចម្បាំងអាមេរិកខាងលើនេះ៕