(សេអ៊ូល)៖ មន្ទីរបញ្ចកោណអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសេចក្ដីរាយការណ៍មួយ នៃប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដែលបានចេញផ្សាយថា សហរដ្ឋអាមេរិកកំពុងពិចារណា ដកកងទ័ពរបស់ខ្លួនចេញពីកូរ៉េខាងត្បូង ក្នុងករណីដែលទីក្រុងសេអ៊ូលមិនព្រមចេញថ្លៃចាយវាយ តាមការស្នើសុំរបស់លោក ដូណាល់ ត្រាំ ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចូណាថាន់ ហូហ្វមែន (Jonathan Hoffman) បានគូសបញ្ជាក់ដូច្នេះថា «វាគឺជារឿងមិនពិតដែលសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo ចុះផ្សាយថា ក្រសួងការពារជាតិអាមេរិក កំពុងពិចារណាដកកងទ័ពអាមេរិកចេញពីឧបទ្វីបកូរ៉េ... ហើយការចុះផ្សាយព័ត៌មានបែបនេះ គឺជារឿងគ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវ ដោយសារវាផ្អែកតែទៅលើប្រភពមិនបញ្ចេញឈ្មោះតែមួយគត់។ ដូច្នេះយើងស្នើឱ្យ Chosun Ilbo លុបចោលព័ត៌មាននេះជាបន្ទាន់»

គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមជាង ៤.៧ពាន់លានដុល្លារ ឬស្មើនឹងអត្រា ៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ ដើម្បីបន្តរក្សាវត្តមានកងទ័ពអាមេរិក នៅលើឧបទ្វីបកូរ៉េដូចធម្មតា។ ប៉ុន្តែសំណើនេះ ត្រូវបានគេរាយការណ៍ថា ធ្វើកូរ៉េខាងត្បូងខឹងសម្បារ និងសង្ស័យពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការពារសម្ព័ន្ធទល់នឹងការគំរាមកំហែងនានា៕