(ម៉ិចស៊ីកូ)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង (Lee Hsien Loong) បាននិយាយថា អ្វីដែលធ្វើឱ្យពិភពលោក ផ្លាស់ប្ដូរពិតប្រាកដ នោះគឺចិន ដែលត្រូវបានគេមើលឃើញថាកាន់តែមានឥទ្ធិពលនៅលើឆាកអន្តរជាតិ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩។

លោក លី សៀន ឡុង ធ្វើការកត់សម្គាល់បែបនេះ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ចំពោះមុខអ្នកជំនួញសិង្ហបុរី និងម៉ិចស៊ីកូជាង២៥០នាក់ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃ របស់លោកនៅម៉ិចស៊ីកូ។ ថ្លែងនាឱកាស នោះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងដូច្នេះថា៖ « អ្វីដែលធ្វើឱ្យពិភពលោកផ្លាស់ប្ដូរពិតប្រាកដ នោះគឺចិន... នៅពេលដែលពួកគេសម្រេចចិត្តបើកចំហទីផ្សារ លោក តេង ស៊ាវពីង (Deng Xiaoping) នៅក្នុងឆ្នាំ១៩៧៨ បានអនុវត្ត ការធ្វើកំណែទម្រង់ និងបើកចំហ ដោយធ្វើឱ្យសេដ្ឋកិច្ចចិនស្ទុះឡើងយ៉ាងខ្លាំង ហើយដែលនេះបានផ្លាស់ប្ដូរទិដ្ឋភាព យុទ្ធសាស្ត្រសកលលោក»។

ដោយឡែក ឆ្លើយតបទៅនឹងសំណួពាក់ព័ន្ធនឹងអាស៊ី លោក លី បានសង្កត់ធ្ងន់ថា អាស៊ីមិនមែនជាចំណុចកណ្ដាលនៃ ពិភពលោកនោះទេ ដោយត្រូវការជាចំាបាច់កិច្ចសហប្រតិបត្តិការជាមួយតំបន់ដទៃ។ លោកបន្ថែមថា បើសិនជាអាស៊ី ផ្ដាច់ ខ្លួនចេញពីគេឯង អាស៊ីមិនដាច់ពោះស្លាប់នោះទេ តែនឹងបាត់បង់ឱកាសជាច្រើន។

គួរបញ្ជាក់ថា បើតាមលោក លី សៀន ឡុង សេដ្ឋកិច្ចអាស៊ី នឹងកាន់តែរីកធំឡើង ដោយសារតែសេដ្ឋកិច្ចចិនកំពុងបន្ត ធំធាត់យ៉ាងលឿនរហ័សជាងបណ្ដាប្រទេសអភិវឌ្ឍដទៃ ខណៈសេដ្ឋកិច្ចឥណ្ឌា ក៏រីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ប៉ុន្តែ ប្រទេសមួយនេះនៅមាននយោបាយ ដែលមានលក្ខណៈស្មុគស្មាញនៅឡើយ៕