(អង់ការ៉ា)៖ មន្រ្តីជាន់ខ្ពស់តួកគីម្នាក់បានអះអាងថា ស្ត្រីជាបងស្រីរបស់អតីតមេដឹកនាំក្រុមភេរវករ ISIS លោក អាប៊ូ បាកឺ អាល់បាកដាឌី (Abu Bakr al-Baghdadi) ដែលត្រូវកងកម្លាំងអាមេរិកសម្លាប់ចោលនាពេលថ្មីៗនេះ ត្រូវបានតួកគីចាប់ខ្លួនហើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមមន្រ្តីខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណ ស្រ្តីម្នាក់នោះកំពុងស្ថិតក្រោមការសួរចម្លើយ រួមជាមួយប្តីរបស់នាង ហើយលោកបានហៅការចាប់ខ្លួននេះថា ប្រៀបដូចជាការរកឃើញ «អណ្តូងរ៉ែមាសនៃការណ៍សម្ងាត់» យ៉ាងដូច្នោះ ព្រោះអ្វីដែលស្រ្តីម្នាក់នោះដឹងអំពីក្រុម ISIS អាចបម្រើជាប្រយោជន៍យ៉ាងធំធេង។

បើតាមមន្រ្តីតួកគីដដែល ស្រ្តីនោះមានអាយុ ៦៥ឆ្នាំ និងឈ្មោះ រ៉ាស្មីយ៉ា អាវ៉ាដ (Rasmiya Awad) ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការមួយ ធ្វើឡើងនាថ្ងៃចន្ទដើមសប្តាហ៍នេះនៅក្បែរក្រុង អាហ្សាស (Azaz) ភាគខាងជើងតំបន់អាឡេបប៉ូ (Aleppo) ប្រទេសស៊ីរី។ ប្តីកូនប្រសារស្រី និងកូនៗ ០៥នាក់ទៀតរបស់ស្រី្តនោះក៏ត្រូវបានតួកគីចាប់ខ្លួនដូចគ្នា។

គួរជម្រាបថា មេដឹកនាំភេរវករ ISIS ដែលមានឈ្មោះពិតថា អ៊ីប្រាហ៊ីម អាវ៉ាដ អាល់ បាឌ្រី (Ibrahim Awad Ibrahim al-Badri) គឺជាជនជាតិអ៊ីរ៉ាក់មកពីក្រុង សាម៉ារ៉ា (Samarra) ភាគខាងជើងទីក្រុងបាកដាដ។ លោកបាត់បង់ជីវិតក្នុងប្រតិបត្តិការសម្រុកវាយឆ្មក់មួយ របស់កងកម្លាំងពិសេសអាមេរិកកាលពីខែតុលាកន្លងទៅ។ ក្រុម ISIS ក៏បានចេញទទួលស្គាល់ការស្លាប់ នៃមេដឹកនាំខ្លួន ហើយប្រកាសពីការតែងតាំងមេដឹកនាំថ្មីឈ្មោះ អាបូ អ៊ីប្រាហ៊ីម អាល់ហាហ្ស៊ីមី អាល់គួរ៉ៃហ្ស៊ី (Abu Ibrahim al-Hashimi al-Quraishi) និងប្រកាសសងសឹកលើសហរដ្ឋអាមេរិកវិញនាថ្ងៃណាមួយ៕