(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកនិងចិន នឹងប្រកាសប្រាប់អំពីទីតាំងថ្មី ដែលលោកហើយនិងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទីមួយ ក្រោយពីឈីលីបានសម្រេចលុបចោលការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិមួយ ដែលគ្រោង ប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០១៩។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter លោក ដូណាល់ ត្រាំ បានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង កំពុងស្វែង រកទីតាំងថ្មី សម្រាប់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទីមួយ» ហើយកន្លែងថ្មីនឹងត្រូវប្រកាសឲ្យដឹងក្នុងពេលឆាប់ៗ ។ ការស្វែងករកកន្លែងថ្មីបែបនេះ គឺដោយសារតែឈីលីបានសម្រេចចិត្តលុបចោល កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលត្រូវបានគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ខណៈលោក ត្រាំ ដំបូងឡើយ ចង់ឆ្លៀតឱកាសក្នុងការចូលរួមកិច្ចប្រជុំនេះ ទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ លោក ស៊ី។

គួរជម្រាបថា លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ច្បាស់ថា ជំនួបដើម្បីចុះកិច្ចព្រមព្រៀងជាមួយលោក ស៊ី ជីនពីង នឹងប្រព្រឹត្តទៅ នៅពេលណាឡើយ ប៉ុន្តែបើតាមសេតវិមាន គឺប្រហែលនៅចន្លោះពេលស្រដៀងគ្នា នៃគម្រោងរៀបចំកិច្ចប្រជុំ APEC ដែរ។ ពាក់ ព័ន្ធនឹងទីតាំងថ្មីវិញ បើតាមប្រភពពីអាមេរិក រដ្ឋ Alaska និង Hawaii អាចជាជម្រើសដែលចិនទទួលយកបាន ខណៈទីក្រុងប៉េកាំង អាចស្នើឡើងទីក្រុងម៉ាកាវ៕