(ម៉ានីល)៖ នាព្រឹកថ្ងៃអង្គារនេះគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលបង្កឲ្យអគារមួយចំនួនញ័ររញ្ជួយ និងធ្វើឲ្យមនុស្សម្នាភ័យតក់ស្លុតជាខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។

បើតាមទិន្នន័យនៃទីភ្នាក់ងារស្ទាបស្ទង់គ្រោះរញ្ជួយដីហ្វីលីពីន (Phivolcs) គ្រោះរញ្ជួយដីខាងលើ បានកើតឡើងចំខេត្ត កូតាបាតូ (Cotabato) និងមានជម្រៅត្រឹម ០៧គីឡូម៉ែត្រប៉ុណ្ណោះ ហើយនៅក្រោមផ្ទៃដីតែម្តង ដែលជាហេតុអាចបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធ្ងន់។ កម្លាំងញ័រ រញ្ជួយរបស់វា បានជះដល់តំបន់មួយចំនួនដូចជាទីក្រុង ខៃដាប៉ាវ៉ាន (Kaidapawan), ខេត្ត សារ៉ាងហ្គានី (Sarangani), ទីក្រុង ដាវ៉ៅ (Davao), ទីក្រុង កូរ៉ូនណាដាល (Koronadal), ទីក្រុង កាហ្គាយ៉ាន ឌែអូរ៉ូ (Cagayan de Oro), ទីក្រុង ជែណឺរ៉ល សាន់តូស (General Santos), ទីក្រុង ហ្សាំបូអាងហ្គា (Zamboanga), និងខេត្ត ប៊ូឃីដណុន (Bukidnon)។

អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា នៅតាមតំបន់ដែលទទួលរងឥទ្ធិពលទាំងនោះ មនុស្សម្នាបានផ្អើលរត់ចេញពីក្នុងអគារ និងលំនៅឋានរបស់ពួកគេ។ ខណៈបណ្តាញផ្គត់ផ្គង់អគ្គិសនីខ្លះត្រូវបានកាត់ផ្តាច់ និងអគារមួយចំនួនបានរងការខូចខាត។ រីឯអ្នកជំងឺនៅមន្ទីរពេទ្យមួយកន្លែង ក៏ត្រូវបានជម្លៀសចេញផងដែរ។

គួរជម្រាបថា ខេត្ត Cotabato និងខេត្តក្បែរដទៃទៀតនៅលើកោះ Mindanao ទើបតែបានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រកាលពី ២សប្តាហ៍មុន ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ០៦នាក់ និងបង្កឲ្យរបួស ១៦៧នាក់៕