(ហុងគ្រី)៖ ប្រធានាធិបតីហុងគ្រីលោក យ៉ាណូស អាឌ័រ (Janos Ader) ដែលនឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ គឺជាអ្នកនយោបាយ និងជាអតីតមេធាវីហុងគ្រីម្នាក់ ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីនៃប្រទេសនេះ តាំងតែពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ មកម្ល៉េះ។ មុនឡើងជាប្រធានាធិបតី លោកធ្លាប់មានតួនាទីជាប្រធានរដ្ឋសភាហុងគ្រី និងជាអនុប្រធានគណៈកម្មាធិការមួយនៃសភាអឺរ៉ុបផងដែរ។

បច្ចុប្បន្នលោក Janos Ader កំពុងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ២ របស់ហុងគ្រី ដែលជាប្រជាជាតិអឺរ៉ុបមួយមានប្រជាជន ៩.៧៧៣លាននាក់, ផ្ទៃដី ៩៣,០៣០គីឡូម៉ែត្រក្រឡា និងព័ទ្ធជុំវិញដោយប្រទេសស៊ែប៊ី ក្រូអាត ស្លូវ៉ានី អូទ្រីស ស្លូវ៉ាក អ៊ុយក្រែន និងរ៉ូម៉ានី។ បន្ថែមពីនេះប្រទេសហុងគ្រីគ្មានព្រំដែនជាប់សមុទ្រនោះឡើយ។

១. ប្រវត្តិរូបសង្ខេបរបស់លោក Janos Ader

* ថ្ងៃខែឆ្នាំកំណើត៖ កើតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ១៩៥៩ (អាយុ ៦០ឆ្នាំ)
* ទីកន្លែងកំណើត៖ នៅក្រុងស៊ីស័រណា (Csorna) នៃប្រទេសហុងគ្រី
* ភរិយា៖ គឺលោកស្រី អេនីតា ហឺសហ្សេច (Anita Herczegh)
* កូន៖ មានចំនួនបីនាក់ឈ្មោះ អ័រសូលីយ៉ា (Orsolya), អាន់ដ្រាស (András), ប័របាឡា (Borbála) និង ជូលៀ (Júlia)
* បញ្ចប់ការសិក្សាដំបូង៖ ពីសាកលវិទ្យាល័យ អ៊ីយ៉ូតវ៉ូស ឡរែនដ៍ (Eotvos Lorand)

២. ប្រវត្តិនយោបាយសំខាន់ៗរបស់លោក Janos Ader

* ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩៖ ចូលរួមជាមួយគណបក្សនយោបាយប្រជាធិបតេយ្យ ហ្វីឌែស (Fidesz) ដោយមានតួនាទីជាអ្នកប្រឹក្សាច្បាប់ប្រចាំបក្ស និងបានប្រឡូកក្នុងសកម្មភាពតស៊ូមតិជាច្រើន
* ឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩០៖ ក្លាយជាសមាជិកក្រុមប្រឆាំង ដែលបង្កើតកិច្ចពិភាក្សារហូតដល់បញ្ចប់ ការគ្រប់គ្រងរដ្ឋាភិបាលឯកបក្ស នៅក្នុងប្រទេសហុងគ្រី
* ឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៤៖ ជាសមាជិក និងក្រោយមកក្លាយជាមេដឹកនាំ នៃក្រុមចលនាស្វែងរកលទ្ធិលប្រជាធិបតេយ្យ Fidesz សម្រាប់ប្រទេសហុងគ្រី រហូតឈានដល់ការបោះឆ្នោតសភានៅឆ្នាំ១៩៩៤
* ឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៩៖ ជាសមាជិកសភាហុងគ្រី ដែលក្នុងអំឡុងជាច្រើនឆ្នាំនេះ លោក Ader បានបំពេញតួនាទីសំខាន់ៗដូចជា អនុប្រធានសភា (ឆ្នាំ១៩៩៧-១៩៩៨) និងប្រធានសភា (ឆ្នាំ១៩៩៨-២០០២)
* ឆ្នាំ២០០២ ដល់ឆ្នាំ២០០៩៖ ដឹកនាំគណបក្សប្រឆាំង Fidesz

៣. ការបោះជំហានដ៏ជោគជ័យចូលក្នុងសភាអឺរ៉ុបរបស់លោក Janos Ader

* ឆ្នាំ២០០៩៖ ក្លាយជាតំណាងរាស្ត្រមួយរូបដ៏ជោគជ័យ អំឡុងការបោះឆ្នោតសភាអឺរ៉ុប និងលាលែងពីសមាជិកសភាហុងគ្រី
* ខែមករា ឆ្នាំ២០១២៖ ក្លាយជាអនុប្រធាននៃគណបក្សកម្មាធិការ សុវត្ថិភាពចំណីអាហារ, សុខភាពសាធារណៈ និងបរិស្ថាននៃគណៈកម្មាធិការអឺរ៉ុប
* ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២៖ ទទួលការបោះឆ្នោតដោយសំឡេងភាគច្រើនក្នុងសភា ហុងគ្រី ដើម្បីឡើងធ្វើជាប្រធានាធិបតីហុងគ្រី ក្រោយលោក ផល ស្កាមីត (Pal Schmitt) លាលែងចេញពីតំណែងប្រធានាធិបតី
* ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧៖ ជាប់ឆ្នោតក្នុងអាណត្តិទី ២ ធ្វើជាប្រធានាធិបតីហុងគ្រីបន្ត ដោយសំឡេងគាំទ្រពីសមាជិកសភា ១៣១ ទល់នឹង ៣៩សំឡេង

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានាធិបតីហុងគ្រី លោក Janos Ader បានបំពេញកិច្ចការងារជាច្រើន ជុំវិញការអនុវត្តន៍ច្បាប់សំខាន់ៗ ដែលភាគច្រើនទាក់ទងទៅនឹងកិច្ចគាំពារបរិស្ថាន និងការប្រើប្រាស់ថាមពលផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះបីជាកំឡុងអាណត្តិទី ១ មានភាពរកាំរកូសជាច្រើនក៏ពិតមែន ប៉ុន្តែលោកនៅតែបានបន្តជាប់ឆ្នោតទៅអាណត្តិទី២ ទៀតដោយសារតែសមត្ថភាពនៃការបំពេញកិច្ចការងាររបស់លោក ជាពិសេសគឺទំនាក់ទំនងជាមួយអន្តរជាតិ ពាក់ព័ន្ធនឹងការដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុជាដើម៕