(តូក្យូ)៖ ប៉ូលិសជប៉ុន កំពុងតាមប្រមាញ់ចោរដែលលួចពេជ្រមួយគ្រាប់មានតម្លៃជាង១.៨លានដុល្លារ បន្ទាប់ពីពេជ្រ ដ៏មានតម្លៃនេះត្រូវបានគេរាយការណ៍ថាត្រូវបានលួចចេញពីពិធីតាំងពិព័រណ៍គ្រឿងអលង្កា នៅខាងក្រៅ ទីក្រុងតូក្យូ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

ថ្លែងបា្រប់អ្នកសារព័ត៌មាន AFP អ្នកនាំពាក្យប៉ូលិសជប៉ុនម្នាក់ បានឱ្យដឹងដូច្នេះថា៖ «ពេជ្រមួយគ្រាប់ដែលត្រូវបាន គេលួចកាលពីថ្ងៃព្រហស្បតិ៍ មានតម្លៃ ២០០លានយ៉េន ឬស្មើនឹងជាង១.៨លានដុល្លារ ហើយយើងជឿជាក់ថាវា ត្រូវបានគេលួចចេញពីពិធីតាំងពិព័រណ៍គ្រឿងអលង្កាមួយ នៅខាងក្រៅទីក្រុងតូក្យូ...បច្ចុប្បន្នយើងកំពុងតាមប្រមាញ់ ចោរលួចគ្រាប់ពេជ្រដ៏មានតម្លៃនេះ»

គួរជម្រាបថា គ្រាប់ពេជ្រខាងលើមានទម្ងន់ 50-cara និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុនមួយ ត្រូវបានដាក់តាំង បង្ហាញក្នុងពិព័រណ៍គ្រឿងអលង្កា មានរយៈពេលបីថ្ងៃ នៅទីក្រុង Yokohama ជាទីដែលក្រុមហ៊ុនជប៉ុន រុស្ស៊ី ចិន និង ក្រុមហ៊ុនជាច្រើនក៏បានចូលរួមតាំងបង្ហាញគ្រឿងអលង្កាដ៏មានតម្លៃរបស់ពួកគេផងដែរ៕