(អាមេរិក)៖ ប្រជាជនរស់នៅតំបន់ភាគខាងត្បូង និងខាងជើងនៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដែលមានចំនួនជាង ៥០,០០០នាក់ត្រូវបានអាជ្ញាធរណែនាំឲ្យជម្លៀស ទៅកាន់ទីកន្លែងមានសុវត្ថិភាព ខណៈភ្លើងឆេះព្រៃកំពុងតែបន្តរីករាលដាលកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

សម្រាប់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា នាយកដ្ឋានគ្រប់គ្រងអគ្គីភ័យនៃទីក្រុងឡូសអាន់ជែឡេស (Los Angeles) បានឲ្យដឹងថា ភ្លើងកំពុងតែឆាបឆេះព្រៃនៅក្នុងសង្កាត់ អាក្វាដាលស៍ (Agua Dulce) ភាគខាងជើងទីក្រុងនេះ ហើយវាបានរីករាលដល់ក្នុងទំហំផ្ទៃដីជាង ១,២០០ហិកតាហើយ។ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងនៅរដ្ឋកាលីហ្វរញ៉ា) ភ្លើងនៅតែបន្តឆាបឆេះព្រៃដដែល ហើយស្ថិតនៅក្នុងលក្ខណៈមិនអាចគ្រប់គ្រងបាន។

ដោយឡែកនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ាវិញ ភ្លើងឆេះព្រៃបានកើតមានឡើងធ្ងន់ធ្ងរជាង នៅភាគខាងត្បូងទៅទៀត ដោយផ្ទៃដីព្រៃឈឺទំហំរហូតដល់ជាង ៦,៤០០ហិកតាបាននិងកំពុងរងការឆាបឆេះ ហើយផ្ទះប្រជាជនជិត ៥០ខ្នងត្រូវបានភ្លើងឆេះខ្ទេច ស្ថិតនៅក្នុងតំបន់គីនខេដ (Kincaid)។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះក្រុមពន្លត់អគ្គីភ័យដែលមានគ្នាសរុប ១,៣០០នាក់ ត្រូវបានបញ្ជាឲ្យចេញប្រតិបត្តិការពន្លត់ ហើយចំនួននឹងអាចកើនឡើងលើសនេះទៀត ខណៈអាជ្ញាធរបានបញ្ជាក់ថា ស្ថានការណ៍ជាទូទៅទើបអាចគ្រប់គ្រងបានតែ ៥%ប៉ុណ្ណោះ។ ក្រុមពន្លត់អគ្គីភ័យបានអះអាងថា ពួកគេមានភាពលំបាកក្នុងការចេញប្រតិបត្តិការពន្លត់ ព្រោះតំបន់ទាំងពីរខាងលើនេះ មានស្ថានភាពភូមិសាស្ត្រពិបាក៕