(ការ៉ាកាស់)៖ មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido បានស្នើឱ្យចិន និងរុស្ស៊ី ជួយដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅក្នុង​ប្រទេសរបស់​លោក ដែលបានធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ដល់បាត ហើយ ប្រជាជនរាប់លាននាក់រត់ភៀសខ្លួនទៅក្រៅប្រទេស។ នេះបើតាមតំណាងទូតម្នាក់របស់លោក Guaido ដកស្រង់​ចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩។

លោកស្រី Teresa Belandria ដែលត្រូវបានលោក Guaido តែងតាំងជាតំណាងទូតរបស់លោកប្រចាំប្រទេស ប្រេស៊ីលបានបញ្ជាក់ថាមេដឹកនាំបក្សប្រឆាំងរូបនេះ បានជួបប្រតិភូចិនជាច្រើននាក់ ក្នុងទីក្រុងការ៉ាកាស់ កាលពីពេលថ្មីៗនេះ។ លោកស្រី បន្ថែមទៀតថា ក្រុមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ក៏បានធ្លាប់ពិភាក្សាការងារជាមួយ ក្រុមមន្ត្រីរុស្ស៊ី នៅក្នុងរដ្ឋ Brasilia នៃប្រទេសប្រេស៊ីលផងដែរ ដើម្បីស្នើឱ្យពួកគេជួយដោះស្រាយបញ្ចប់វិបត្តិ នយោបាយវេណេស៊ុយអេឡា នៅពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ទាំងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ មិនទាន់បញ្ចេញប្រតិកម្មចំពោះការលើកឡើងនេះនៅឡើយទេ ខណៈមហាអំណាចទាំងពីរសុទ្ធតែជាសម្ព័ន្ធមិត្តនៃរដ្ឋាភិបាលប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ និងដែល បានបដិសេធទទួលស្គាល់លោក Guaido ជាប្រធានាធិបតីវេណេស៊ុតអេឡាស្ដីទី៕