(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់បានបញ្ជូនឯកសារពាក់ព័ន្ធ ករណីវាយប្រហារនាពេលថ្មីៗនេះ មកលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងរបស់ខ្លួននៅសមុទ្រក្រហម ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អាប់បាស មួសាវី (Abbas Mousavi) នាថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសលោកបានផ្ញើព័ត៌មានលម្អិតជុំវិញករណី​វាយប្រហារមកលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ឡើងទៅដល់អង្គការសហប្រជាជាតិ (UN) ព្រមទាំងក្រុមប្រឹក្សារបស់ UN ហើយលោកបានបន្ថែមថា អ្នកដែលនៅពីក្រោយខ្នងនៃសកម្មភាពវាយប្រហារនេះ នឹងត្រូវរកមុខឲ្យឃើញជាពុំខាន។

កន្លងទៅនេះប្រធានធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នឹងមិនទម្លាក់កំហុស​ដោយពុំមានភស្តុតាងរឹងមាំទៅលើប្រទេសណាមួយ ឬក្រុមណាមួយឡើយ ដរាបណាការស៊ើបអង្កេតផ្លូវការមិនទាន់បញ្ចប់ទេនោះ។

គួរជម្រាបថា កាលពីថ្ងៃទី១១ ខែតុលា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ឈ្មោះ សាប៊ីធី (Sabiti) ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនប្រេងអ៊ីរ៉ង់ National Iranial Tanker Company (NITC) បានរងការផ្ទុះចំនួនពីរកន្លែងដោយសារគ្រាប់មីស៊ីល នៅក្បែរទីក្រុងហ្សេដដាហ៍ (Jeddah) របស់អារ៉ាប៊ីសាអូឌីត៕