(ហ្សាការតា)៖ នាល្ងាចថ្ងៃអាទិត្យនេះ ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ី គឺ លោក Joko Widodo សម្រាប់អាណត្តិទីពីរ បានចាប់ផ្តើមប្រព្រឹត្តទៅហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន AP (Associated Press) នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩។

ពិធីស្បថចូលកាន់តំណែងនេះ កំពុងរៀបចំឡើងនៅក្នុងវិមានរដ្ឋសភាឥណ្ឌូណេស៊ី ក្រោមវត្តមានភ្ញៀវកិត្តិយស និងឥស្សរជន​ជាច្រើនរូប រួមមានមេដឹកនាំក៏ដូចជាប្រតិភូមកពីតំបន់អឺរ៉ុបនិងអាស៊ី។ ក្រៅពីលោក Widodo អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Ma’ruf Amin ក៏ត្រូវស្បថចូលកាន់តំណែងក្នុងពិធីជាមួយគ្នាផងដែរ។ ក្រោយពីស្បថចូលកាន់តំណែង លោក Widodo នឹងប្រកាស​ពីសមាសភាពគណៈរដ្ឋមន្រ្តីអាណត្តិថ្មី នៅថ្ងៃចន្ទស្អែក។

គួរជម្រាបថា លោក Joko Widodo បានបន្តជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី សម្រាប់អាណត្តិទី២ ក្នុងការបោះឆ្នោតសកល​ ដែលបានប្រព្រឹត្តទៅកាលពីខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ។ ដោយមួយអាណត្តិប្រធានាធិបតីមានរយៈពេល៥ឆ្នាំ លោកនឹង​ត្រូវកាន់តំណែងរហូតដល់ឆ្នាំ២០២៤ ខណៈវាគឺជាអាណត្តិចុងក្រោយរបស់លោក៕