(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគី នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាក្រុមសកម្មប្រយុទ្ធឃើដ YPG ៥៩៥នាក់ហើយ ត្រូវបានសម្លាប់ ចាប់តាំងពីទីក្រុងអង់ការ៉ា បើកប្រតិបត្តិការយោធាវាយលុកចូលតំបន់ ភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

យោធាតួកគី បានបើកការវាយលុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃទី០៩ ខែតុលា ក្នុងគោលបំណងកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ YPG ចេញពីតំបន់ព្រំដែនតួកគី-ស៊ីរី និងដើម្បីបង្កើត តំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរី។ YPG គឺជាសម្ព័ន្ធមិត្តដែលបានជួយសហរដ្ឋអាមេរិក វាយកម្ចាត់ពួក ISIS នៅស៊ីរី តែទីក្រុងអង់ការ៉ាចាត់ទុកក្រុមសកម្មប្រយុទ្ធឃើដមួយនេះជាបណ្ដាញរបស់ ពួកភេរវករគឺ គណបក្សពលករឃើដ PKK មានមូលដ្ឋាននៅភាគអាគ្នេយ៍នៃប្រទេសតួកគី។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ជនស៊ីវិលជាច្រើននាក់ក៏បានបាត់បង់ជីវិតផងដែរ ខណៈ មនុស្សរាប់ម៉ឺននាក់ទៀត កំពុងរត់ភៀសខ្លួនចេញពីការវាយប្រយុទ្ធគ្នារវាងតួកគី និងឃើដ។ ចំណែកឯ សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្ម ហើយបារាំង និងអាល្លឺម៉ង់ផ្អាកការលក់អាវុធឱ្យតួកគីដើម្បី បង្ខំឱ្យទីក្រុងអង់ការ៉ាបញ្ឈប់ប្រតិបត្តិការយោធានេះជាបន្ទាន់៕