(ហុងកុង)៖ សមាជិកព្រឹទ្ធសភាវ័យក្មេងម្នាក់នៃសហរដ្ឋអាមេរិក មកពីរដ្ឋមីសួរី (Missouri) លោក ចូស ហរឡេយ (Josh Hawley) បានអំពានាវឱ្យក្រុមបាតុករនៅក្នុងទីក្រុងហុងកុង បញ្ជៀសឱ្យបាននូវរាល់ការប្រើប្រាស់អំពើហិង្សាប្រឆាំងអាជ្ញាធរ ខណៈបាតុកម្មតវ៉ានៅតែបន្តកើតមានមកទល់ពេលនេះ និងឈានទៅរកការប្រើអំពើហិង្សាកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

ការអំពាវនាវរបស់លោក Josh Hawley មានអាយុ ៣៩ឆ្នាំ ធ្វើឡើងក្រោយបញ្ចប់ទស្សនកិច្ចរយៈពេលពីរ ថ្ងៃនៅហុងកុងកាលពីថ្ងៃចន្ទម្សិលមិញ។ លោក Hawley បានមកដល់តំបន់ស្វយ័តសេដ្ឋកិច្ចពិសេសចិនមួយនេះ កាលពីថ្ងៃអាទិត្យ ដើម្បីសង្កេតឃ្លាំមើលបាតុកម្មតវ៉ា ហើយក្នុងការសង្កេតនៅឯតំបន់ ម៉ុងកុក (Mong Kok) សមាជិកព្រឹទ្ធសភារូបនេះបញ្ជាក់ថា លោកមិនបានឃើញអំពើហិង្សា កើតឡើងដោយផ្ទាល់ណាមួយនោះទេ តែនៅតែអំពាវនាវឱ្យបាតុករទាំងអស់ បញ្ជៀសរាល់ការប្រើប្រាស់ហិង្សា។

លោក Hawley បន្ថែមដូច្នេះថា « វាគឺជារឿងសំខាន់បំផុត ដែលក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងអស់ បន្តធ្វើការតវ៉ាដោយអហិង្សា ពោលគឺមិនត្រូវយកគំរូតាមទីក្រុងប៉េកាំង ឬអ្នកគាំទ្ររបស់ពួកគេនោះទេ»។

គួរបញ្ជាក់ថា លោក Hawley គឺជាសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋទី ៣ បន្ទាប់ពីសមាជិកព្រឹទ្ធសភា លោក ថេដ គ្រូស (Ted Cruz) និងលោក រីក ស្កត (Rick Scott) ដែលបានមកបំពេញទស្សនកិច្ចមកកាន់ទីក្រុងហុងកុង ចាប់តាំងពីបាតុកម្មតវ៉ាផ្ទុះឡើងកាលពីខែមិថុនាមក៕