(វ៉ាទីកង់)៖ លោក ដូមេនីកូ ហ្គានី (Domenico Giani) ដែលជាមេបញ្ជាប៉ូលិសប្រចាំបុរីវ៉ាទីកង់ និងជាប្រធានកងអង្គរក្សរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស (Francis) បានសម្រេច លាលែងពីតំណែងកាលពីថ្ងៃចន្ទម្សិលមិញ ដោយសារការលេចធ្លាយព័ត៌មាន ពាក់ព័ន្ធការស៊ើបអង្កេតផ្ទៃក្នុងមួយទៅលើភាពមិនប្រក្រតី ផ្នែកហិរញ្ញវត្ថុក្នុងកិច្ចព្រមព្រៀងអចលនទ្រព្យនៅទីក្រុងឡុងដ៍។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

សម្តេចប៉ាប Francis ក៏បានទទួលយកពាក្យលាលែងរបស់លោក Giani ផងដែរ។ លោក Giani បានចូលបម្រើស្ថាប័នសន្តិសុខ នៃបុរីវ៉ាទីកង់តាំងតែពីឆ្នាំ១៩៩៩មកម៉្លេះ កាលពីជំនាន់សម្តេចប៉ាប ចន ផូល ទី២ (St. John Paul II) ខណៈតំណែងបច្ចុប្បន្នលោកបានឡើងកាន់កាល ពីឆ្នាំ២០០៦។ ការលាលែងពីតួនាទីរបស់លោក Giani ធ្វើឡើង នៅចំពោះមុខរឿងអាស្រូវថ្មីមួយទៀតនៅក្នុងបុរីវ៉ាទីកង់។

គួរជម្រាបថា កាលពី០២សប្តាហ៍មុន ទស្សនាវដ្តីអ៊ីតាលី អឹលអ៊ិចប្រេសសូ (L’Espresso) បានចេញផ្សាយសារជូនដំណឹងជាលក្ខណៈផ្ទៃក្នុងមួយរបស់ប៉ូលិសវ៉ាទីកង់ ដែលចុះហត្ថលេខាដោយលោក Giani ផ្ទាល់។ ក្នុងនោះមានការកំណត់មុខមន្រ្តីវ៉ាទីកង់ ០៥រូប ដែលត្រូវបានផ្អាកតួនាទីក្រោយពីមានករណីចុះឆែកឆេរ ក្នុងការិយាល័យធំៗចំនួនពីររបស់បុរីវ៉ាទីកង់ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតមួយ ទៅលើភាពមិនប្រក្រតីនៃកិច្ចព្រមព្រៀងអចលនទ្រព្យមួយនៅទីក្រុងឡុងដ៍ ដែលជាកម្មសិទ្ធិរបស់បុរីវ៉ាទីកង់ និងបានបណ្តាលឲ្យបាត់បង់ប្រាក់រាប់លានដុល្លារ៕