(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាអាមេរិក បាននិយាយថា សេ្ដចគ្រឿងញៀនម៉ិចស៊ីកូ Joaquín Guzmán ឬគេស្គាល់ថា «អាកន្តឿ (El Chapo)» ធ្លាប់បានឱ្យប្រាក់ប្អូនប្រុសបង្កើតរបស់ប្រធានាធិបតីហុងដូរ៉ាស់ ចំនួនមួយលានដុល្លារ ខណៈប្រាក់ពុករលួយទាំងនេះ ក៏ត្រូវបានគេសង្ស័យថាបានទៅដល់ដៃមេដឹកនាំ នៃប្រទេសក្នុងតំបន់អាមេរិកកណ្ដាលមួយនេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។

ការចោទប្រកាន់ខាងលើត្រូវបានធ្វើឡើង នៅក្នុងសវនាការមួយរបស់លោក Juan Antonio Hernández ដែលជាប្អូនប្រុសបង្កើតប្រធានាធិបតីហុងដូរ៉ាស់ លោក Juan Orlando Hernández នៅឯទីក្រុងញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Juan Antonio Hernández ត្រូវបានប៉ូលិស អាមេរិកចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅទីក្រុង Miami កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។

ប៉ុន្តែលោកប្រធានាធិបតីហុងដូរ៉ាស់ បានអះអាងថាការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនឹងអំពើ ពុករលួយ គឺជារឿងមិនពិត និងគួរឱ្យអស់សំណើច ដ្បិតរដ្ឋអាជ្ញាអាមេរិកមិនបាននិយាយថាលោក ទទួលបានប្រាក់ដែលស្ដេចគ្រឿង El Chapo ផ្ដល់ឱ្យប្អូនប្រុសរបស់លោកឡើយ។

គួរបញ្ជាក់ថា លោក Juan Antonio Hernández មានអាយុ៤១ឆ្នាំ កំពុងប្រឈមមុខនឹងបទចោទ ៤ធំៗដាច់ដោយឡែកពីគ្នា ក្នុងនោះរួមមានការរួមគំនិតនាំចូលសារធាតុកូកាអ៊ីន និងអាវុធខុសច្បាប់ចូលមកក្នុងសហរដ្ឋអាមេរិក។ លោកបានទាត់ចោលរាល់ការចោទប្រកាន់ តែបើគេរកឃើញទោសកំហុសមែន នោះលោកអាចនឹងជាប់ពន្ធនាគារអស់មួយជីវិត ដូចគ្នាទៅនឹង El Chapo ដែលត្រូវ បានតុលាការអាមេរិកកាត់ទោសដាក់គុកអស់មួយជីវិត កាលពីដើមឆ្នាំ២០១៩៕