(សេអ៊ូល)៖ ព្យុះទីហ្វុង Mitag បានបង្កឲ្យមានភ្លៀងធ្លាក់ជាខ្លាំងនៅកូរ៉េខាងត្បូង ដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្ស៦នាក់​បាត់បង់ជីវិត និងមួយចំនួនទៀតបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសកូរ៉េខាងត្បូង ភាគច្រើននៃអ្នកដែលស្លាប់គឺជាមនុស្សចាស់ៗ ដែលត្រូវកប់ក្រោមគំនរអគារដួលរលំដោយសារបំណាក់ដី ព្រមទាំងត្រូវទឹកជន់ហូរនាំយកទៅជាមួយ។ ក្រៅពីមនុស្សបាត់បង់​ជីវិត នៅមានអ្នករងរបួសយ៉ាងតិច៦នាក់ និងអ្នកបាត់ខ្លួនមួយចំនួនទៀត ខណៈចរាចរណ៍និងបណ្តាញផ្តត់ផ្គង់អគ្គិសនីត្រូវបានរាំងស្ទះ នៅតាមតំបន់ជា​ច្រើន។ ជាមួយគ្នានេះ ផ្លូវថ្នល់ ផ្ទះសម្បែង ក៏ដូចជាផ្ទៃដីកសិកម្ម ក៏បានរងការបំផ្លិចបំផ្លាញនិងជន់លិចថែមទៀតផង។

គួរជម្រាបថា យ៉ាងណាមិញ ខណៈនេះព្យុះទីហ្វុង Mitag បានបោកបក់ផុតចេញពីឧបទ្វីបកូរ៉េហើយ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់​ដដែល ហើយស្របពេលដែលជើងហោះហើរ បានបន្តធ្វើប្រតិបត្តិការជាធម្មតាវិញ កប៉ាល់និងទូកនេសាទ នៅមិន​ទាន់​អាចអនុញ្ញាតឲ្យចេញដំណើរទៅកាន់សមុទ្រនោះទេ៕