(វ៉ាស៊ីនតោន)៖ រោងចក្ររបស់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ដែលស្ថិតនៅរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក ត្រូវបានលើកលែងពីការដំឡើងពន្ធទៅលើក្រុមហ៊ុន Airbus របស់បារាំងនៅអឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។

ខណៈយន្តហោះរបស់ក្រុមហ៊ុន Airbus ដែលដំឡើងនៅអឺរ៉ុបនឹងត្រូវជាប់ពន្ធ ១០ភាគរយ ក្រោយអង្គការពាណិជ្ជកម្មពិភពលោក បានសម្រេចអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មលើទំនិញរបស់សហភាពអឺរ៉ុប គ្រឿងបរិក្ខាសម្រាប់ដំឡើងយន្តហោះ ដែលត្រូវដឹកមកកាន់រោងចក្ររបស់ Aibus ក្នុងទីក្រុងម៉ូបាល (Mobile) នៃរដ្ឋ Alabama នឹងមិនរងផលប៉ះពាល់ពីចំណាត់ការនេះឡើយ។

ការសម្រេចដូចខាងលើបានកើតមានឡើង បន្ទាប់ពីថ្នាក់ដឹកនាំរបស់ទីក្រុង Mobile និងក្រុមអ្នកតាក់តែងច្បាប់នៃរដ្ឋ Alabama បានខិតខំប្រឹងប្រែងបញ្ចុះបញ្ចូល ឲ្យរដ្ឋាភិបាលអាមេរិក ផ្តល់ការលើកលែងដល់រោងចក្ររបស់ Airbus នៅទីនោះ ដោយលើកហេតុផលថា វាអាចបំផ្លាញការងារប្រមាណ ១,០០០កន្លែងឯណោះ ខណៈរដ្ឋ Alabama មានអ្នកគាំទ្រលោក ត្រាំ ច្រើនកាលពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ ហើយលោកហាក់នៅបន្តទទួលបានសំឡេងគាំទ្រយ៉ាងរឹងមាំដដែល នៅក្នុងរដ្ឋមួយនេះ។

គួរជម្រាបថា ក្រុមហ៊ុន Airbus បានបើករោងចក្រក្នុងទីក្រុង Mobile កាលពីឆ្នាំ២០១៥។ រោងចក្រនេះផលិតក្រុមយន្តហោះស៊េរី A320- បានចំនួន ០៤គ្រឿងក្នុងមួយខែៗ បើទោះបីជាចំនួនតិចក៏ដោយក៏វាត្រូវបានគេមើលឃើញថា មានសារសំខាន់សម្រាប់ ផែនការរបស់ក្រុមហ៊ុន Airbus ក្នុងការបង្កើនចំនួនយន្តហោះ ដែលផលិតឡើងនៅជុំវិញពិភពលោក។

ពាក់ព័ន្ធនឹងការដំឡើងពន្ធវិញ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនរំពឹងសហភាពអឺរ៉ុបនឹងចូលមកចរចាគ្នា ប៉ុន្តែបានគូសបញ្ជាក់ថា អាមេរិកមានសិទ្ធិបង្កើនពន្ធឲ្យកាន់តែខ្ពស់ថែមទៀត ឬកែប្រែបញ្ជីនៃផលិតផលដែលរងការប៉ះពាល់ក៏បានដែរ៕