(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើតេស្តគ្រាប់មីស៊ីលផ្លោងប្រភេទថ្មី SLBM ចេញពីនាវាមុជទឹកកាលពីព្រឹកថ្ងៃពុធម្សិលមិញ គឺពិតជាទទួលបានជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។

ស្ថាប័នវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង បានហៅគ្រាប់មីស៊ីលប្រភេទថ្មីខាងលើនេះថា ភូកហ្គូកសុង ៣ (Pukguksong-3) ត្រូវបានបាញ់ចេញពីនាវាមុជទឹក នៅក្នុងដែនសមុទ្រក្បែរ ឆ្នេរភាគខាងកើតទីក្រុងវ៉ុនសាន (Wonsan)។ កូរ៉េខាងជើងបានអះអាងទៀតថា ការធ្វើតេស្តបាញ់គ្រាប់មីស៊ីលពេលនេះ គឺឈរទៅលើបច្ចេកទេសជាចម្បងដោយវា ជាប្រភេទមីស៊ីលថ្មីទើបត្រូវបានអភិវឌ្ឍន៍ចុងក្រោយ និងមិនបង្កផលប៉ះពាល់ដល់សន្តិសុខ នៃប្រទេសជិតខាងណាមួយនោះឡើយ។

គួរបញ្ជាក់ថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានដឹកនាំការធ្វើតេស្ត ខាងលើនេះដោយផ្ទាល់នោះឡើយ ប៉ុន្តែក្រោយទទួលបានជោគជ័យលោកបានផ្ញើសារលិខិត អបអរសាទរ ចំពោះគណបក្សពលករកូរ៉េទាំងមូល។ ដោយឡែកសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ក៏បានអំពាវនាវផងដែរឲ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពបង្ករឿងបែបនេះទៀត បើសិនជាចង់កិច្ចចរចាគ្នាជាថ្មីនាថ្ងៃសៅរ៍សប្តាហ៍នេះ ប្រកបទៅដោយបិរយាកាសល្អ៕