(ពិភពលោក)៖ នៅថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាកូរ៉េខាងត្បួង បានអះអាងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងនៅព្រឹកថ្ងៃពុធនេះ ទំនងជាប្រភេទ មីស៊ីលបាញ់ចេញពីនាវាមុជទឹក (SLBM)។

២៖ សាកសពមនុស្សបួននាក់ហើយត្រូវបានទាញចេញ ពីក្រោមគំនរស្ពានបាក់មួយកន្លែង នៅកោះតៃវ៉ាន់ ខណៈក្រុមអ្នកជួយសង្រ្គោះនៅតែបន្តតាមស្វែងរកមនុស្ស ០២នាក់ ផ្សេងទៀតដែលកំពុងបាត់ខ្លួននៅឡើយ។

៣៖ ប៉ូលិសហុងកុងបានឱ្យដឹងថា មនុស្សច្រើនជាង ១៨០នាក់ត្រូវបានចាប់ឃុំខ្លួន កំឡុងបាតុកម្មតវ៉ាក្នុងទីក្រុងហុងកុង កាលពីថ្ងៃអង្គារ ពោលគឺចំថ្ងៃប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រមានិតចិន។

៤៖ ស៊ុយអែតបានសម្ពោធឲ្យប្រើប្រាស់ មូលដ្ឋានទ័ពជើងទឹកមួយកន្លែង ដែលស្ថិតនៅក្រោមភ្នំជាថ្មីឡើងវិញ ដោយសារការព្រួយបារម្ភអំពីសព្វាវុធរបស់រុស្ស៊ី។

៥៖ កងទ័ពអាកាសអាមេរិក USAF កំពុងបំពាក់អាវុធលឿនជាងសំឡេង៥ដង លើយន្ដហោះ ទម្លាក់គ្រាប់បែកត្រកូល B-1B ហើយដែលអាវុធនេះនឹងមានសមត្ថភាពទម្លុះចូលព្រំដែនបរិយាកាស និងវាយប្រហារក្នុងល្បឿនដូចរន្ទះ ដោយមិនឱ្យសត្រូវតដៃឡើយ។

៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃអង្គារសប្តាហ៍នេះ បានរិះគន់នីតិវិធីចោទប្រកាន់ និងចេតនាទម្លាក់ លោកចេញពីអំណាច របស់ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យនោះថា ប្រៀបដូចជា «ការធ្វើរដ្ឋប្រហារ» ប្រឆាំងមកលើរូបលោក៕