(ឡូសអាន់ជែលឡែស)៖ យោធាអាមេរិក នៅថ្ងៃពុធនេះ បានឱ្យដឹងថាខ្លួនបានបាញ់សាកល្បង ប្រកបដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប Minuteman III ហើយការធ្វើតេស្ដនេះកើត មានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលមួយគ្រាប់ចូល សមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។

យោងតាមយោធាអាមេរិក មីស៊ីល Minuteman III ត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg នៅម៉ោង១៖១៣នាទីយប់ ឈានចូលថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដោយមីស៊ីល អន្តរទ្វីបនេះហោះបានចំងាយ៦,៧៥០គីឡូម៉ែត្រ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ទៅកាន់តំបន់ Kwajalein Atoll នៃកោះ Marshall។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ ក៏បានបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ចេញពី នាវាមុជទឹកផងដែរ ដោយវាហោះបានចំងាយ៤៥០គីឡូម៉ែត្រ និងរយៈកម្ពស់៩១០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។ ម្យ៉ាងវិញទៀត ការធ្វើតេស្ដនេះទៀតសោត ធ្វើឡើងតែមួយថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើង និងសហរដ្ឋអាមេរិក យល់ព្រមជួបចរចាគ្នាជាថ្មីនៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ៕