(ប៉េកាំង)៖ កំឡុងការធ្វើពិធីព្យុហយាត្រាយោធាយ៉ាងគគ្រឹកគគ្រេង នាឱកាសអបអរខួបឆ្នាំទី ៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃអង្គារម្សិលមិញ ចិនបានបង្ហាញវត្តមានសព្វាវុធទំនើបចម្រុះថ្មីៗ ជាច្រើនប្រភេទឲ្យសាធាណជន និងអន្តរជាតិបានឃើញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។

យោងតាមក្រសួងការពារជាតិចិន ក្បួនព្យុហយាត្រាខាងលើ មានការចូលរួមពីមន្រ្តីយោធាប្រមាណ ១៥,០០០នាក់ បរិក្ខាយោធា និងសព្វាវុធសរុប ៥៨០គ្រឿង រួមជាមួយយន្តហោះចម្បាំង-យោធា និងឧទ្ធម្ភាគចក្រ ១៦០គ្រឿង ដែលច្រើនលើសបណ្តាឆ្នាំមុនៗ។

ក្រុមអ្នកជំនាញបានលើកឡើងថា បើយើងទាំងអស់គ្នាក្រឡេកមើលការធ្វើព្យុហយាត្រាទាំងនេះកាលពី ២០ឆ្នាំមុនវិញនោះ បរិក្ខាយោធា និងសព្វាវុធភាគច្រើនដែលចិនបានបង្ហាញ គឺជារបស់ទិញពីរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះ តែឥឡូវសព្វាវុធទំនើបៗទាំងអស់នេះវិញ សុទ្ធតែជាស្នាដៃផលិតរបស់ចិនខ្លួនឯងផ្ទាល់។ និយាយរួមទៅ ភាពជឿនលឿននៃបច្ចេកវិទ្យាដែលចិនសម្រេចបាន ក្នុងអំឡុងពេលត្រឹមតែប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គឺសឹងតែមិនធ្លាប់មានឡើយ។

ក្រុមអ្នកជំនាញបានយល់ឃើញទៀតថា ព្យុហយាត្រាយោធាកាលពីម្សិលមិញនេះ ក៏ជាការសំញែងអានុភាពយោធារបស់ចិន ទៅកាន់សហរដ្ឋអាមេរិកផងដែរ។ ក្នុងចំណោមសព្វាវុធដែលត្រូវបានបង្ហាញ រួមមានគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបស៊េរី DF-41 ដែលជាប្រភេទបាញ់ចេញពីជើងទម្រចល័ត។ មីស៊ីលស៊េរី DF (Dongfeng) នេះ ត្រូវគេមើលឃើញថា ជាអាវុធដ៏មានប្រសិទ្ធភាព ដើម្បីប្រឆាំងនឹងពពួកនាវាដឹកយន្តហោះចម្បាំង ដែលជាសព្វាវុធគន្លឹះនៃអំណាចយោធារបស់អាមេរិក។

បន្ថែមពីខាងលើនេះ ចិនក៏បានបង្ហាញផងដែរនូវនាវាដ្រូន មានសមត្ថភាពមុជទឹកបានយ៉ាងជ្រៅ និងទៅដល់គ្រប់ទាំងតាំង ខណៈដែលតំបន់សមុទ្រចិនខាងកើត និងខាងត្បូង គឺសុទ្ធសឹងតែជាគោលដៅយុទ្ធសាស្ត្រ​ដែលចិនកំពុងព្យាយាមរក្សាគោលជំហររបស់ខ្លួន ដើម្បីទប់ទល់នឹងការបង្កើនឥទ្ធិពលរបស់​សហរដ្ឋអាមេរិកនៅក្នុងតំបន់ទាំងពីរនេះ។ ក្រៅពីសព្វាវុធដែលបានបញ្ជាក់សមត្ថភាព និងប្រភេទ ក៏មានសព្វាវុធផ្សេងទៀតដែរដែលគ្រប់គ្នាមិនទាន់ដឹងថា ជាអ្វីឲ្យប្រាកដ តែពួកវាត្រូវបានដាក់តាំងបង្ហាញ ឲ្យសាធារណជនបានឃើញ៕