(តៃវ៉ាន់)៖ អាជ្ញាធរតៃវ៉ាន់ បានសម្រេចចិត្តបិទទីផ្សារ និងសាលារៀនជាច្រើនកន្លែងជាបណ្ដោះអាសន្ន នៅថ្ងៃចន្ទនេះ ខណៈព្យុះទីហ្វុងដ៏កំណាចមួយ កំពុងបក់បោកជិតមកដល់តំបន់ឆ្នេរភាគឦសាននៃ ប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឧតុនិយមតៃវ៉ាន់ ព្យុះទីហ្វុង Mitag ដែលជាព្យុះទីហ្វុងដ៏ខ្លាំងកម្រិតទី២ ត្រូវបានគេ រំពឹងថានឹងមកដល់តំបន់ឆ្នេរនៃទីក្រុង Yilan នៅយប់ថ្ងៃចន្ទនេះ ជាមួយល្បឿនខ្យល់បក់ ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីលើនេះ ទាហាន១២,០០០នាក់ ត្រូវបានដាក់ពង្រាយឱ្យត្រៀម ធ្វើប្រតិបត្តិការជួយសង្រ្គោះនានា ស្របពេលជើងហោះហើរចំនួន១៥០, សេវាកម្មធ្វើដំណើរតាមផ្លូវទឹក និងផ្លូវដែកត្រូវផ្អាកដំណើរការ ដោយសារតែការព្រួយបារម្ភពីគ្រោះរអិលបាក់ដី និងទឹកជំនន់។

គួរបញ្ជាក់ថា ឥទ្ធិពលព្យុះទីហ្វុង Mitag បានធ្វើឱ្យផ្ទះ ២,៧០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ នៅថ្ងៃចន្ទ នេះ ហើយបន្ទាប់ពីវាយប្រហារកោះតៃវ៉ាន់ ព្យុះដ៏កំណាចមួយនេះ អាចនឹងបន្តដំណើរទៅកាន់ទីក្រុង សៀងហៃ ភាគខាងកើតប្រទេសចិននៅថ្ងៃអង្គារស្អែកនេះ។ កាលពីឆ្នាំ២០០៩ ព្យុះទីហ្វុង Morakot បានផ្ដាច់ជីវិតមនុស្សជិត ៧០០នាក់ នៅកោះតៃវ៉ាន់៕