(អាមេរិក)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានត្រឡប់ទៅចុះចតវិញយ៉ាងបន្ទាន់បំផុត ក្រោយពីគម្របនៃម៉ាស៊ីនយន្តហោះ បានរបើកទាំងកំពុងស្ថិតនៅកណ្តាលផ្ទៃអាកាស ជាហេតុបង្កឲ្យអ្នកដំណើរដែលមើលឃើញ មានការភ័យតក់ស្លុតឥតគណនា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

យន្តហោះដឹកអ្នកដំណើរធុន Boeing 737-800 ដែលមានជើងហោះហើរលេខ ២៩២ របស់អាកាសចរណ៍ United Airlines បានធ្វើ ការហោះហើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង ឌែនវើ (Denver) ក្នុងរដ្ឋ ខូឡូរ៉ាដូ (Colorado) នាថ្ងៃអាទិត្យ ដើម្បីឆ្ពោះទៅកាន់ទីក្រុងអ័រឡេនដូ (Orlando) នៃរដ្ឋផ្លូរីដា ប៉ុន្តែបានត្រឡប់ទៅចុះចតនៅគោលដៅដើមវិញ ដោយសារមានបញ្ហាម៉ាស៊ីនដូចខាងលើ។

គួរជម្រាបថា បើតាមឃ្លីបវីដេអូបង្ហោះដោយអ្នកដំណើរ នៃជើងហោះហើរខាងលើផ្ទាល់ គេឃើញគម្របនៃម៉ាស៊ីននៅស្លាបផ្នែក ខាងឆ្វេងរបស់យន្តហោះបានរបើកឡើង និងស្ទើរតែរបេះចេញពីតួម៉ាស៊ីនទៅហើយ ខណៈដែលយន្តហោះកំពុងហោះហើរនៅកណ្តាលផ្ទៃអាកាស។

យ៉ាងណាមិញយន្តហោះនោះ បានមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Denver វិញដោយសុវត្ថិភាព ហើយអ្នកដំណើរទាំងឡាយនៃជើងហោះហើរនោះ ត្រូវបានផ្លាស់ប្តូរទៅកាន់ជើងហោះហើរផ្សេងទៀត ដើម្បីឆ្ពោះទៅកាន់ទីក្រុង Orlando។ ពួកគេក៏បានទទួលយកការសុំអភ័យទោស ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕