(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ជួបជាមួយអ្នកដែលទម្លាយកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ជាមួយប្រធានាធិបតីអ៊ុយក្រែន ខណៈរូបលោកកំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ឬទម្លាក់ចេញពីតំណែង ពីសំណាក់គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដូចគ្នាទៅនឹងប្រជាជនអាមេរិកគ្រប់រូប ខ្ញុំពិតជាចង់ ហើយក៏សាកសមនឹងជួបជាមួយអ្នកដែលបានចោទប្រកាន់ខ្ញុំដែរ ជាពិសេសនៅពេលអ្នកចោទខ្ញុំ ដែលត្រូវបានគេហៅថាជាអ្នកទម្លាយរឿងសំងាត់នោះ បានបង្ហាញពីកិច្ចសន្ទនាដ៏ល្អមួយជាមួយមេដឹកនាំបរទេសម្នាក់ តាមមធ្យបាយបោកបញ្ឆោត និងមិនមែនជារឿងពិត»។ ប៉ុន្តែទន្ទឹមគ្នាអ្នកទម្លាយរឿងអាស្រូវរបស់ លោក ត្រាំ ក៏បានបង្ហាញពីក្ដីព្រួយបារម្ភផងដែរពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈរូបគេនឹងត្រូវផ្ដល់សក្ខីកម្មចំពោះមុខសភាអាមេរិក នៅពេលឆាប់ៗខាងមុខនេះ។

គួរជម្រាបថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធី​ចោទប្រកាន់ពីសំណាក់គណបក្សប្រជាធិបតេយ្យ ក្រោយបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky)។ នៅក្នុងកិច្ចសន្ទានានោះ ក្រុមសមាជិកសភានៃបក្សប្រជាធិបតេយ្យបានចោទប្រកាន់លោក ត្រាំ ថាបានគំរាមកំហែងកាត់បន្ថយកញ្ចប់ថវិកាយោធា ដើម្បីបង្ខំឱ្យអ៊ុយក្រែនបើកការស៊ើបអង្កេត បទពុករលួយប្រឆាំងនឹង លោក ចូ បៃដិន (Joe Biden) ដែលត្រូវបានគេមើលឃើញថា នឹងក្លាយជាគូប្រជែងដ៏មានសក្ដានុពលម្នាក់របស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ខាងមុខនេះ។

ប៉ុន្តែលោក ដូណាល់ ត្រាំ បានទាត់ចោលរាល់ការចោទប្រកាន់ បើទោះជាការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនបង្ហាញការគាំទ្រ លើការស៊ើបអង្កេតប្រឆាំងនឹងលោកក៏ដោយ៕