(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតាំងចិត្តក្នុងការប្រមូលផ្ដុំកម្លាំងពីប្រទេសជាដៃគូរបស់ខ្លួនដើម្បីធ្វើឱ្យចិនឯកោ តាមរយៈការកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការនាំចេញទំនិញទៅចិន និងផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេដោយមិនឱ្យមានឥទ្ធិពលចិន ព្រមទាំងយកពន្ធគយលើទំនិញផលិតនៅចិន។ ជាការអនុវត្តជាក់ស្ដែង សហរដ្ឋអាមេរិកមានបំណងខ្ចីដៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាផ្នែកដ៏សំខាន់មួយនៃការសង់ជញ្ជាំងសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងការនាំចេញរបស់ចិន។ គំនិតនេះបានទាក់ទាញចំណាប់អារម្មណ៍ជាថ្មី បន្ទាប់ពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាមកាលពីថ្ងៃទី២ ខែកក្កដា។

លោក ត្រាំ បានប្រកាសដោយឯកតោភាគីពីកិច្ចព្រមព្រៀងនេះក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ជាមួយការបញ្ជាក់ថាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក លើទំនិញវៀតណាមនឹងត្រូវបញ្ចុះពី ៤៦ភាគរយមកនៅត្រឹម ២០ភាគយ។ ព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិកនឹងយកពន្ធគយ ៤០ភាគរយលើទំនិញទាំងឡាយណា នាំចេញពីវៀតណាមដែលត្រូវបានរកឃើញថាអនុវត្តប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment) ឬក៏ជាទំនិញមានប្រភពដើមមកពីប្រទេសដទៃ និងឆ្លងកាត់តាមវៀតណាម។ ការកំណត់បែបនេះត្រូវបានគេមើលឃើញថាលោក ត្រាំ ចង់ចង្អុលមុខចិនតែម្ដង ដែលវ៉ាស៊ីនតោនចោទថាបានប្រើប្រាស់វៀតណាម និងប្រទេសក្បែរខាងមួយចំនួនដើម្បីគេចពីអត្រាពន្ធគយអាមេរិកលើទំនិញរបស់ខ្លួន។

ការបំផ្លាញសមត្ថភាពរបស់ចិន ដើម្បីគេចពីឧបសគ្គពាណិជ្ជកម្ម ឬពន្ធគយ តាមរយៈ Transshipment គឺជាគោលដៅសេដ្ឋកិច្ចដ៏សំខាន់របស់សេតវិមាន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចគ្នាទៅនឹងការបញ្ចុះបញ្ចូលឱ្យប្រទេសជាដៃគូធំៗដូចជាជប៉ុន និងកូរ៉េខាងត្បូង កាត់បន្ថយការធ្វើពាណិជ្ជកម្មជាមួយចិន ដែលជាគោលដៅដ៏ចម្បងមួយរបស់អាមេរិក នៅក្នុង តំបន់អាស៊ីបូព៌ា។ ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឱ្យចិនឯកោខាងសេដ្ឋកិច្ច រដ្ឋបាលលោក ត្រាំ បានព្រមានត្រង់ៗថាប្រទេសណា ជាពិសេសបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមិនចូលរួមជាមួយសហរដ្ឋអាមេរិក នឹងត្រូវជាប់ពន្ធគយបដិការធ្ងន់ធ្ងរ។ ក៏ប៉ុន្តែសម្រាប់អ្នកជំនាញពីតំបន់អាស៊ីអាគ្នេយ៍មកពីស្ថាប័ន Council on Foreign Relations ដូចជា លោក Joshua Kurlantzick កិច្ចព្រមព្រៀងរបស់អាមេរិកជាមួយវៀតណាម មិនអាចសន្មត់ពីជោគជ័យនៅទូទាំងតំបន់នោះទេ។ តាមលោក Kurlantzick ក្រៅពីព្រុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងទីម័រឡេស្ដេរ វៀតណាមងាយរងគ្រោះជាងគេនឹងសម្ពាធពីរដ្ឋបាលលោក ត្រាំ។ ពីព្រោះថាវៀតណាមជាប្រទេសមួយ ក្នុងចំណោមប្រទេសមានអតិរេកពាណិជ្ជកម្មធំបំផុតជាមួយសហរដ្ឋអាមេរិក និងមិនមានអាវុធសេដ្ឋកិច្ច ឬក៏សម្ព័ន្ធមិត្តគ្រប់គ្រាន់ដើម្បីធ្វើដូចជាសហភាពអឺរ៉ុប ឬជប៉ុន ក្នុងការប្រឆាំងនឹងការគំរាមយកពន្ធបដិការនោះទេ។

ការចុះកិច្ចព្រមព្រៀងជាមួយវៀតណាម ក៏ទំនងជាមិនអាចជំរុញទឹកចិត្តឱ្យប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍យកគំរូតាមហាណូយនោះដែរ។ មេដឹកនាំអាស៊ានជាច្រើន មានការសង្ស័យលើផែនការដំឡើងពន្ធគយរបស់លោក ត្រាំ។ ក្នុងនោះសមាជិកថ្នាក់ដឹកនាំថៃ ដែលបានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីចរចាលើលក្ខខណ្ឌ ពាណិជ្ជកម្មកាលពីពេលថ្មីៗនេះបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការចរចាទៅមុខទៅក្រោយ ខណៈប្រព័ន្ធផ្សព្វផ្សាយខ្លះក្នុងតំបន់បានចាត់ទុកយុទ្ធសាស្ត្ររបស់ រដ្ឋបាលលោក ត្រាំ មិនគួរឱ្យទុកចិត្ត និងផ្លាស់ប្ដូរគោលដៅជាបន្តបន្ទាប់ដែលបង្កផលវិបាកដល់ប្រទេសជាដៃគូ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ថែមទាំង បានជំរុញទៀតផងឱ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍សហការគ្នាដូចជាអឺរ៉ុប ជាជាងបន្តការចរចាស្វែងរកកិច្ចព្រមព្រៀងជាមួយអាមេរិកឈរលើមូលដ្ឋានរៀងៗខ្លួន ក៏ដូចជាពង្រឹងពាណិជ្ជកម្មអន្តរតំបន់។

តំបន់អាស៊ីអាគ្នេយ៍នៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើការធ្វើពាណិជ្ជកម្មជាមួយចិន រីឯប្រទេសក្នុងតំបន់ជាច្រើនកំពុងស្វែងរកដៃគូពាណិជ្ជកម្មឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍កាលពីជាង១៦ឆ្នាំមុនមកម្ល៉េះ ហើយបច្ចុប្បន្ន ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងចិន និងអាស៊ីអាគ្នេយ៍បានកើនលើស ១ទ្រីលានដុល្លារ ពោលគឺធំជាងទំហំពាណិជ្ជកម្មរបស់អាស៊ីអាគ្នេយ៍ជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបូកបញ្ចូលគ្នាទៅទៀត។ នេះបើតាមលោក Marcus Loh មកពីកាសែត The Diploma។ មិនតែប៉ុណ្ណោះ ចិន រួមជាមួយប្រទេសមហាអំណាចក្នុងតំបន់ដូចជាជប៉ុន និងកូរ៉េខាងត្បូងបានជួយ សម្របសម្រួលបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីធំៗមួយចំនួននៅក្នុងតំបន់ ជាកិច្ចការមួយដែលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Obama លោក Trump កាលពីអាណត្តិទី១, លោក Biden និងលោក Trump ក្នុងអាណត្តិទី២នេះមិនអាចសម្រេចបាន។

តាមលោក Kurlantzick ចិនកំពុងទាញយកប្រយោជន៍ពីការព្រួយបារម្ភរបស់បណ្ដាប្រទេសក្នុងតំបន់ចំពោះគោលនយោបាយអាមេរិក ជាពិសេសគឺការកាត់ផ្ដាច់ជំនួយសម្រាប់ ទីភ្នាក់ងារ USAID នៅជុំវិញពិភពលោក។ ជាការពិតណាស់ ប្រទេសជាច្រើនក្នុងតំបន់ស្វាគមន៍វត្តមានរបស់សហរដ្ឋអាមេរិកក្នុងការកិច្ចការពារសន្តិសុខតំបន់។ ប៉ុន្តែតំណែងជា អ្នកការពារសន្តិសុខនេះអាចនឹងត្រូវបានបំផ្លាញ ប្រសិនបើសេតវិមានបរាជ័យបញ្ចុះបញ្ចូលឱ្យប្រទេសក្នុងតំបន់ចូលរួមក្នុងការសង់ជញ្ជាំងពាណិជ្ជកម្មប្រឆាំងនឹងចិន ហើយ ការយកពន្ធបដិការកម្រិតខ្ពស់អាចនឹងបង្ខំឱ្យប្រទេសក្នុងតំបន់គ្មានជម្រើសអ្វីផ្សេងនោះទេ គឺមានតែងាកទៅរកចិន និងមហាអំណាចផ្សេងទៀត៕